ប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានចុះឆែកឆេរលំនៅឋានមួយកន្លែង តាមសេចក្តីរាយការណ៍របស់ឈ្មោះវួន ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ក្រោយពីទទួលព័ត៌ពីស្ត្រីរងគ្រោះ បានប្តឹងរាយការណ៍មកសមត្ថកិច្ច នៅវេលាម៉ោង១២យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថាមានខ្លួនត្រូវបានប្តីឈ្មោះអឿន ខឿន អាយុ៣៥ឆ្នាំ មុខរបរកម្មករ បានវាយព្រមទាំងយកកាំភ្លើងម៉ាកCKCកាត់កាណុង កាត់ស្វាយមកភ្ជុងរួចគំរាមបាញ់សំលាប់ ។ លុះព្រឹកថ្ងៃទី២៣ ខែធ្នូ ២០១៧ វេលាម៉ោង ៨និង៣០នាទី បានចុះដល់លំនៅឋានជនរងគ្រោះ និងឆែកឆេរ នៅក្នុងលំនៅឋាន ទៅតាមការចង្អុលបង្ហាញពីជនរងគ្រោះ(ប្រពន្ធ) កម្លាំងសមត្ថកិច្ចរកឃើញបានរកឃើញអាវុធCKCកាត់កាណុង និងកាត់ស្វាយចំនួនមួយដើម ។ កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន២ដើម គ្រាប់កាំភ្លើងអាកា៤៧ចំនួន១៤គ្រាប់និងឧប្បករណ៍សំរាប់ឆក់ត្រី ចំនួនមួយ ។
លោកអធិការបានបញ្ជាក់ថា ពេលដែលសមត្ថកិច្ចចុះទៅដល់លំនៅដ្ឋាន ជនសង្ស័យឈ្មោះ អឿន ខឿន ជាប្តីបានរត់គេចខ្លួនបាត់មិនដឹងពីពេលណាមកទេ ចំណែកប្រពន្ធក៏រត់គេចខ្លួនពីការធ្វើបាបរបស់ប្តីតាំងពីយប់ ហើយក៏បានផ្តល់ព័ត៌មកសមត្ថកិច្ច បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឈ្មោះអឿន ខឿន ដើម្បីធ្វើការសាកសួរជុំវិញការមានអាវុធយកមកលាក់ទុក៕ វណ្ណា