ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្តែងនៅក្នុងបរិវេណផ្សារកណ្តាល ក្រោយពីក្រុមអាជីវកលក់ដូរតាមកញ្ច្រែង លើកគ្នាមកសុំការអន្តរាគមន៍ពីលោកអភិបាលខណ្ឌដូនពេញ ដើម្បីលក់ដូរបន្ត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ វេលាម៉ោង ១១ព្រឹក នៅទីស្នាក់ការគណៈកម្មការទីរួមផ្សារកណ្តាល មានបើកកិច្ចប្រជុំ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញទីរួមផ្សារកណ្តាល ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានកាចូលរួមពី លោក អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោកប្រធានប្រជាការពារខណ្ឌ លោកប្រធាន-អនុប្រធានទីរួមផ្សារ និងសមាជិកសមាជិកាទីរួមផ្សារកណ្តាល សរុបចំនួន ២០នាក់ ក្នុងកិច្ចប្រជុំនោះ លោក អភិបាល បានមានប្រសាន៍ថា៖ ១-សូមឲ្យលោកប្រធានទីរួមផ្សារកណ្តាល ស្រង់ស្ថិតិឈ្មោះអាជីវករដែលកំពុងប្រកបលក់ដូរនៅលើទ្រូងផ្លូវលេខ១៤៨ ទាំងអស់ ។ ២-លោកប្រធានទីរួមផ្សារ ត្រូវសិក្សានៅជុំវិញបរិវេណទីរួមផ្សារ ឲ្យបានច្បាស់ថា តើមានកន្លែងណាដែលនៅសល់ ដើម្បីបង្កលក្ខណៈដល់បងប្អូនអាជីវករបានបំលាស់ទីតាំងលក់ដូរពីផ្លូវលេខ១៤៨ វិញ ។៣-ដាច់ខាតត្រូវបើកផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និង១៥៤ ឲ្យបានសិន ទើបយើងបន្តបើកផ្លូវលេខ១៤៨ បន្តទៀត ។

ក្រោយពីបញ្ចប់កិច្ចប្រជុំ លោកអភិបាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និង គណៈកម្មការទីរួមផ្សារកណ្តាល ចុះពិនិត្យជាក់ស្តែងនៅក្នុងបរិវេណផ្សារកណ្តាល និងបានសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារ ដោយទទួលយកនូវសំណូមពររបស់ពួកគាត់ ដើម្បីរកដំណោះស្រាយផងដែរ ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមអាជីវករប្រមាណជាង៣០នាក់ តំណាងឲ្យជាង១០០តូប នាំគ្នាមកតវ៉ាសាលាខណ្ឌដូនពេញ ដើម្បីយកលិខិតរួមមួយច្បាប់ដាក់ចូលជម្រាបជូនលោកអភិបាលខណ្ឌ ឲ្យ ជួយអត្តរាគមន៍យ៉ាងណាបានលក់ដូរបន្តទៀត បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅបរិវេណផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ ដើម្បីបើកផ្លូវលេខ១៤៨ ឡើងវិញ ព្រោះអីផ្លូវនោះកន្លងមក ត្រូវបានបិទទាំង ស្រុង នោះ។ ប៉ុន្តែអ្វីដែលប៉ះពាល់នោះក្រុមអាជីវក ដែលកំពុងលក់ដូរនៅបណ្តោយផ្លូវនោះ ។

ក្រុមអាជីវកលក់ដូរតាមកញ្ច្រែង ដែលលើកគ្នាសុំការអន្តរាគមន៍ពីលោកអភិបាលខណ្ឌដូនពេញនាព្រឹកនោះដែរ បានឲ្យដឹងថា ពួកគាត់ទាំងអស់គ្នាជាអាជីវករដែលបានលក់ដូរនៅទីនោះជាង១០ឆ្នាំមកហើយ ដើម្បីរកកម្រៃបានតិចតួចយកមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ប្រសិនបើមានការហាមឃាត់មិនឲ្យពួកគាត់លក់ដូរបន្តទៀតនោះ ពួកគាត់នឹងជួបនូវញ្ហាលំបាកក្នុងការរកប្រាក់កំម្រៃដើម្បីដោះស្រាយជីវភាពគ្រួសារ ជាពិសេសបំណុលធនាគារដែលពួកគាត់យកមកធ្វើទន់រកស៊ីនោះ។

ជាមួយគ្នានោះដែរ ពួកគាត់បានសំណូមពរ ដើម្បីបានបន្តលក់ដូរនៅកន្លែងធម្មតាវិញ តែបើមានការរុះរើ សូមមេត្តារកទីតាំងថ្មីដល់ពួកគាត់បានលក់ដូរវិញផង ពួកគាត់មិនអាចបញ្ចប់ការលក់ដូរបានឡើយ មូលហេតុដោយពួកគាត់ជួបការលំបាកខ្លាំងណាស់ដោយម្នាក់ៗរកចិញ្ចឹមមួយគ្រួសារ ហើយជំពាក់ធនាគារមិនអាចដោះស្រាយបានឡើយ។

អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការឲ្យអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់នឹងបើកផ្លូវឡើងវិញនៅបណ្តោយលេខ១៤៨ជាពិសេសនោះនៅបរិវេណផ្សារកណ្តាលនោះតែម្តង ដែលបងប្អូនអាជីវករបានកំពុងលក់ដូរបិទផ្លូវនោះឲ្យបើកធ្វើចរាចរណ៍ឡើងវិញ ដូច្នេះហើយអាជ្ញាធរក៏ចុះរៀបចំដើម្បីបើកផ្លូវនោះវិញផងដែរ។

គួររំលឹកដែរថា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ កម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជឹម សុទ្ធី នាយករងរដ្ឋបាលខណ្ឌ លោក ពេញ សុខន អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានប្រជាការពារខណ្ឌ និងលោក ហ៊ូវ អ៊ិត ប្រធានគណៈកម្មការទីរួមផ្សារកណ្តាល ព្រមទាំងបុគ្គលិក សន្តិសុខទីរួមផ្សារកណ្តាល បានសហការគ្នាចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្ដាល រួមមាន៖ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៤៨ ផ្លូវលេខ ១៥៤ និងផ្លូវលេខ១៣។

ជាលទ្ធផលរួមឃើញថា បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវករលក់ដូរជុំវិញផ្សារកណ្ដាល មានការចូលរួមតាមការណែរបស់រដ្ឋបាលខណ្ឌ ហើយពួកគាត់សន្យាថានឹងគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌដោយមិនប្រកបរបរលក់ដូរ ឬ ចតយានជំនិះគ្រប់ប្រភេទដែលធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់នោះទេ៕ស តារា


ចែករំលែក៖