ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្រ្កាបទីទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលបង្កប់សេវាបម្រើផ្លូវភេទ ជាលិទ្ធផលឃាត់ខ្លួនម្ចាស់ហាងនិងនារីវ័យក្មេង៧នាក់ បញ្ចូនទៅធ្វើការសាកសួរ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៥៩៤ តាមបណ្ដោយផ្លូវលេខជាតិលេខ២ ក្រុមទី១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ស្រ្តីទាំង៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែង ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ឡុង ស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ហាង ។ រីឯស្រ្តីរងគ្រោះ៧នាក់ទៀត មានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ជាស្រ្តីបម្រើនៅក្នុងហាងម៉ាស្សាកោសជប់ខាងលើនេះ ។
ចំណែកវត្ថុតាងដកហូតបានមានដូចជា៖ ស្រោមអនាម័យប្រើរួច នឹងមិនទាន់ប្រើ សៀវភៅកត់ត្រាបញ្ជីភ្ញៀវចេញចូល នឹងទឹកប្រាក់រៀលនិងដុល្លារ មួយចំនួនផងដែរ។
បច្ចុប្បន្នស្ត្រីជាម្ចាស់ហាង និងស្រ្តីរងគ្រោះចំនួន៧នាក់ ត្រូវបានបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ក្រសួងមហាផ្ទៃ ដើម្បីសួរនាំតាមនិតិវិធី ។ ដោយឡែក ទីតាំង ដែលបើកម៉ាស្សាកោសជប់ខាងលើនេះ ត្រូវអាជ្ញាធរសម្រេចផ្អាក់អាជីវកម្មជាបណ្ដោះអាសន្ន ៕ តាឡឹម