ភ្នំពេញ៖ លោកលាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្តាទោសមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃពីរនាក់ ដែលប្រព្រឹត្តអំពើពុករលួយ ដែលសាលក្រមនេះបានផ្តន្ទាទោសឈ្មោះ
ហ៊ុយ ហឿន ដាក់ពន្ធនាគារពីរឆ្នាំ តែអនុវត្តទោស១០ខែ និងផ្តន្ទាទោសឈ្មោះ ឯម កុសល ដាក់ពន្ធនាគារពីរឆ្នាំតែទោសនេះត្រូវព្យួរទាំងអស់ ព្រមទាំងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០លានរៀល ពីបទវិតិក្រម តាមមាត្រា៥៩២ និង មាត្រា៥៩៣នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ក្នុងសវនាការកន្លងទៅ ជនជាប់ចោទ ឈ្មោះ ឯម កុសល បដិសេធថាខ្លួនពុំបាន ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ សូមឱ្យតុលាការរកយុត្តិធម៌។
ចំណែក ឈ្មោះ ហ៊ុយ ហឿន សារភាពថាខ្លួនពិតជាបានទៅទារប្រាក់តាមទីកន្លែងចំនួន៣០កន្លែងពិតមែនហើយមួយកន្លែងចាប់ពី៣០ដុល្លារ៥០ដុល្លារដល់១០០ដុល្លារហើយធ្លាប់បានចុះតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ និងខេត្តកណ្តាលដោយសរុបក្នុងមួយខែប្រមូលបានប្រាក់២០០០ដុល្លារដល់៣០០០ដុល្លារហើយទារបានរយៈពេល៦ខែមកហើយ។
ចំណែកឈ្មោះ ឯម កុសលគឺបានចុះទៅជាមួយដែរពេលធ្វើការតែរឿងបានផលប្រយោជន៍គេមិនបានដឹងទេ។
អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសមួយស្តីពីការឃាត់ខ្លួនលោក ហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃបានដើរ ទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗ នៅរាជធានី ភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសរបស់ ACU បានឲ្យដឹងដែរថា ឈ្មោះ ឯម កុសល ឋានន្តរសក្តិវរសេនីយ៍ទោ មន្រ្តីនគរបាលប្រឆាំងបទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់នេះផងដែរ៕ ចេស្តា