ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចោទប្រកាន់ប្រទេសលោកខាងលិចនិងមជ្ឈិមបូពា៌ហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តម សេនីយ៍ Valery Gerasimov បានចោទ ប្រកាន់ប្រទេសលោកខាងលិច និងប្រទេស តំបន់មជ្ឈិមបូព៌ាថា ជាអ្នកហ្វឹកហាត់ដល់មេដឹកនាំក្រុមភេរវកម្ម IS ។

សារព័ត៌មាន Spuniknews កាលពី ថ្ងៃទី ២៧ខែធ្នូ បានដកស្រង់ការប្រកាស របស់មេបញ្ជាការកងទ័ពរុស្ស៊ីដែលបញ្ជាក់ថា «ចាប់តាំងពីព្រឹត្តិការណ៍ស៊ីរី ចាប់ផ្តើម ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយ ឃើញមានចំណុចខុសប្រក្រតី នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមភេរវកម្ម ។ក្រៅពីការវាយប្រហារភេរវកម្មក្រុមIS ក៏បាន ប្រើប្រាស់យុទ្ធសាស្ត្រ សង្គ្រាមយ៉ាស្ទាត់ ជំនាញ។មេដឹកនាំក្រុមភេរវកម្មទទួលបានការហ្វឹកហាត់ជាពិសេស ពីប្រទេស លោក ខាងលិចនិងតំបន់មជ្ឈិមបូព៌ា។

លោក Valery Gerasimov បានបញ្ជាក់ ទៀតថា នៅក្នុងសមរភូមិ ក្រុមភេរវកម្ម ដណ្តើមបាន អាវុធជាច្រើនពីកម្លាំងទាហានអីុរ៉ាក់ និងស៊ីរី ក្នុងនោះមានទាំង រថក្រោះ និងរថពាសដែក១៥០០គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ ១.២០០ដើម ។ លោក បន្តទៀតថា សកម្មភាពរបស់ក្រុម IS គឺ ជាកម្លាំងស្ទាត់ជំនាញនៅក្នុងការធ្វើ សង្គ្រាម។

ក្រៅពីនេះ ឧត្តមសេនីយ៍ Valery Gerasimov ក៏បានបញ្ជាក់ថា កម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយអាមេរិក មិនមាន បំណងកម្ចាត់ក្រុមភេរវកម្ម IS នោះឡើយ។ លោកបន្តទៀតថា ជារៀងរាល់ថ្ងៃកម្លាំង ទាហានរុស្ស៊ី បានបើកការវាយប្រហារតាម ដែនអាកាស ប្រមាណ៦០ទៅ៧០ ករណី ថ្ងៃខ្លះវាយប្រហាររហូតដល់ទៅ១២០-១៤០លើក នៅពេលដែលមានភាពតាន តឹង។ចំណែកម្លាំងទាហានអាមេរិកនិង សម្ពន្ធមិត្តបើកការវាយប្រហារតែ ៨ទៅ ១០លើកក្នុងមួយថ្ងៃ។ លោកបានចោទ ប្រកាន់ថា គោលដៅរបស់ទាហានអាមេរិក មិនសំដៅទៅលើទាហានក្រុម IS នោះ ឡើយ គឺសំដៅទៅលើ រដ្ឋាភិបាលរបស់ លោកអាលអាសាដ។

លោក Valery Gerasimov បញ្ជាក់ ទៀតថា កម្លាំងទាហានស៊ីរី បានឡោមព័ទ្ធ ទីតាំង យោធារបស់អាមេរិក នៅក្នុងតំបន់ At Tanf ដោយសារតែ បានឃើញក្រុមភេរវកម្មធ្វើដំណើរនៅទីនោះ។ នៅពេលឡោម ព័ទ្ធ មាន ទាហានក្រុមIS ប្រមាណ៣៥០ នាក់ចាកចេញពីទីនោះ ។ មេបញ្ជាការកង ទ័ពរុស្ស៊ី បានបញ្ជាក់ថា មានទីតាំងហ្វឹក​ហាត់ផ្សេងទៀត នៅតំបន់ Sahddadi ភាគ ខាងជើងប្រទេសស៊ីរី ។

តាមការបញ្ជាក់របស់កម្លាំងទាហានស៊ីរីបានឲ្យដឹងថា ទាហានរុស្ស៊ីបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមភេរវកម្មប្រមាណ៧មឺុននាក់ ហើយមកទល់ពេលនេះបានសម្លាប់អស់ប្រមាណជាង ៦មឺុននាក់ ។ លោក Valery Gerasimov បញ្ជាក់ទៀតថា គោលដៅនៅ ក្នុងប្រទេសស៊ីរី នាឆ្នាំ២០១៨ខាងមុខគឺ កម្ចាត់ក្រុមភេរវកម្ម IS ឲ្យអស់។

ពាក់ពន្ធនឹងស្ថានភាពនៅក្នុងប្រទេសស៊ីរីនេះដែរក្នុងចំណោមមនុស្ស១៣លាននាក់នៅស៊ីរី ដែលត្រូវការជំនួយមនុស្សធម៌ មានមនុស្សប្រហែល៣លាននាក់ ដែលបានទទួលជំនួយពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលដែលបំពេញបេសកកម្មជួយប្រជាជនតាមតំបន់ក្រុមឧទ្ទាមស៊ីរី។ សេចក្តីសម្រេចពន្យារពេលផ្តល់ជំនួយ មនុស្សធម៌ទៅតំបន់ក្រុមឧទ្ទាមស៊ីរី ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត ១២សំឡេង ទល់នឹងអនុបវាទ ៣សំឡេង គឺអនុបវាទរបស់រុស្ស៊ី ចិន និង បូលីវី ប៉ុន្តែ គ្មានវេតូជំទាស់ទេ។ ការដឺកស្បៀងទៅជួយប្រជាជននៅតំបន់ក្រុម ឧទ្ទាមនឹងពន្យារថែម១ឆ្នាំ រហូតដល់ថ្ងៃ ទី១០មករា ឆ្នាំ២០១៩។

រុស្ស៊ីជាដៃគូរបស់រដ្ឋាភិបាលស៊ីរី ប្រាប់ ថា គ្មានបំណងបង្អាក់ដំណើរការដឹកស្បៀងមនុស្សធម៌ស៊ីរីទេ គ្រាន់តែជំទាស់ការពន្យារបែបបច្ចេកទេស នៃសេចក្តីសម្រេច ប៉ុណ្ណោះ។ រុស្ស៊ីទាមទារឲ្យពង្រឹងការត្រួតពិនិត្យការដឹកស្បៀងទាំងនោះ ដើម្បី ចៀសកុំឲ្យមានការលួចលាក់ដឹកអាវុធ ដើម្បីលក់ក្នុងទីផ្សារងងឹត។

សេចក្តីសម្រេចពន្យារពេលដឹកជំនួយមនុស្សធម៌នេះ ស្នើដោយជប៉ុន អេហ្ស៊ីប និងស៊ុយអែត ជាសំណើសុំឲ្យរដ្ឋាភិបាលស៊ីរីផ្តល់ចម្លើយឲ្យឆាប់រហ័សដល់ការស្នើផ្សេងៗរបស់អង្គការសហប្រជាជាតិ ហើយ បើអាច រដ្ឋាភិបាលស៊ីរីគួរតែផ្តល់ចម្លើយជាវិជ្ជមាន។ សេចក្តីសម្រេចគូសបញ្ជាក់ ផងដែរថា ស្ថានការណ៍ស៊ីរីនៅតែបន្តធ្លាក់ដុនដាប ព្រោះស៊ីរីនៅមិនទាន់រកបាន ដំណោះស្រាយនយោបាយនៅឡើយ។ កិច្ចពិភាក្សាសន្តិភាពក្រុងហ្សឺណែវ រវាង រដ្ឋាភិបាល នឹងក្រុមឧទ្ទាមស៊ីរី ជុំទី៨ហើយ ក៏នៅតែមិនផ្តល់លទ្ធផលអ្វីយកជាការបាន។ អង្គការសហប្រជាជាតិនឹងស្នើប្រតិទិនមួយ សម្រាប់ការបោះឆ្នោត ទៅឲ្យ គ្រប់ភាគីក្នុងជម្លោះស៊ីរី។ អង្គការសហប្រជាជាតិក៏នឹងស្នើនីតិវិធីកំណែទម្រង់ផ្សេងៗ ដល់ពួកគេផងដែរ៕ ម៉ែវ សាធី

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី ឧត្តម សេនីយ៍ Valery Gerasimov


ចែករំលែក៖