ព័ត៌មានទាន់ហេតុការណ៍៖

រឿងប្រហារមាន់ជល់​ ៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល​បំភ្លឺ​ខណៈសាធារណជនថាមានរូបភាពឃោរឃៅ

ចែករំលែក៖

កណ្តាល៖ ​ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល​ លោកសូ​ សារិន​ បំភ្លឺករណីដែលតុលាការខេត្តកណ្តាល​ ចេញដីកាសម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល​ ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ​ ។​ ការបំភ្លឺនេះ​ បន្ទាប់ពីសាធារណជន​ រិះគន់យ៉ាងខ្លាំងក្លាអំពីការសម្រេចនេះ​ ដែលថាមានរូបភាពឃោរឃៅ ។

លោក​ សូ​ សារិន​ នៅថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧​ អះអាងថា​ ការសម្រេចនេះ​ គឺ​ យោងលើហេតុផលមួយចំនួន​ ដូចជា​ ដោយសាសត្វមាន់ច្រើន​ ពិបាកក្នុងការថែរក្សា​ ហើយមាន់ខ្លះមានជំងឺផ្តាសាយបក្សីថែមទៀតផង​ ។​ ការចំណាយទៅលើការថែរក្សាសត្វមាន់​ គឺជាបន្ទុកមួយទៀត។

លោក​ សារិន​ ថា”នៅដំណាក់កាលស៊ើបសួរ​ គឺមានឯកសារគ្រប់គ្រាន់ដែលបានថតទុក​ មានឯកសារប្រគល់វត្ថុតាងត្រឹមត្រូវ​ មិនប៉ះពាល់ដល់ដំណាក់កាលចៅក្រមជំនុំជម្រះទេ”។

ពាក់ព័ន្ធរូបភាពនៃការកម្ទេចមាន់​ ត្រូវបានលោកសូ​ សារិន​ បដិសេធពុំធ្វើអត្ថាធិប្បាយទេ​ វាជាសមត្ថកិច្ចរបស់ប៉ូលិស​ ។

គួរបញ្ជាក់ថា​ អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើន​ រិះគន់ចំណាត់ការតុលាការខេត្តកណ្តាល​ ដែលចេញដីកាសម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល​ ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ ។​ អ្នកច្បាប់ថា​ ការកម្ទេចវត្ថុតាងបទល្មើសនេះ​ គឺ​ ខុសនីតិវិធី​ រីឯមជ្ឈដ្ឋាន​ជាច្រើន​ ថា​ មនុស្សប្រព្រឹត្តល្មើស​ បែរជាសម្លាប់សត្វមាន់ទៅវិញ​ ។​

ទោះបីយ៉ាងណា​ តុលាការខេត្តកណ្តាល​ សំអាងថា​ ដោយសារការលំបាកនៃការថែរក្សានិងកុំឱ្យបទល្មើសកើតឡើងជាថ្មី​ ទើបសម្រេចបែបនេះ​ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ កាលពីថ្ងៃទី២៧​ ខែធ្នូ​ សម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល​ តាមដីកាសម្រេចរបស់តុលាការខេត្តកណ្តាល​ ដោយមានការចូលរួមពី​លោកឧត្តមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ ស្នងការនគរបាលខេត្តកណ្តាល​ លោកស្រី​ ពេជ​ ម៉ារ៉ែន​ អនុប្រធានសាលាដំបូងខេត្តកណ្តាល​ និង​ លោក​ ឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ។

ដីកាសម្រេចរបស់តុលាការខេត្តកណ្តាល​ យល់ឃើញថា”ការថែរក្សានូវមាន់ជល់ចំនួន៩២ក្បាល​ មានការលំបាកនិងចំណាយសោហ៊ុយផ្សេងៗនិងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី​ និង​ ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស​ គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ​ “។

ក្រោយព្រឹត្តិការណ៍នៃការកម្ទេចមាន់ជល់នេះ​ អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើនបានរិះគន់នូវចំណាត់ការនេះ។

មេធាវីមួយរូបសុំមិនបញ្ចេញឈ្មោះ​ លើកឡើងថា””ខុសនីតិវិធីហើយ សម្រេចរឹបអូសនិងបំផ្លាញចោល ដូចលឿនពេក ខណៈស៊ើបអង្កេតមិនទាន់ចប់ និងមិនបានឆ្លងសវនាការ”។​

មេធាវីរូបនេះបន្តថា”គេត្រូវរក្សាទុកវត្ថុតាងជូនតុលាការ។ តុលាការ​កាត់ក្តីផ្អែកលើភស្តុតាង បើបំផ្លាញភស្តុតាងមុន តុលាការ​សម្រេចសេចក្តីបានពេលលេញទេ។ ការប្រគល់វត្ថុចាប់យកឱ្យម្ចាស់ លុះត្រាវត្ថុចាប់យកមិនមែនជាភស្តុតាងនៃបទល្មើស។ មាន់ជល់ជាភស្តុតាងនៃបទចោទប្រកាន់ផ្នាល់ចាក់លុយ ចុះបើអត់មាន់ តើដាក់ទោសថាយកមាន់មកជល់ត្រឹមត្រូវទេ បើជនត្រូវចោទឆ្លើយថា គាត់មកឈរមើល គាត់អត់បានយកមាន់មកជល់ មកភ្នាក់ស៊ីលុយផង ដាក់ទោសម៉េច​ ។​ មាត្រា១៦១ មាត្រា៣២១ មាត្រា៣៣២ និងមាត្រា៣៥៤​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។

ក្រឡេកមើលមជ្ឈដ្ឋានជាច្រើន​ ពិសេសអ្នកលេងហ្វេសប៊ុកវិញ​ រិះគន់យ៉ាងចាស់ដៃផងដែរ​ ។​ គណនីហ្វេសប៊ុកឈ្មោះ​ “មរតកជាតិ”សរសេរថា​ “ថ្ងៃនេះអាគកច្រើនជាង៩០ក្បាល ត្រូវបានកាត់ក្បាលប្រហារជីវិត និងកម្ទេចសាកសព តាមអំណាចសាលក្រម នៃឆន្ទានុសិទ្ធិរបស់តុលាការខេត្តកណ្តាល ព្រោះគេរកឃើញថាពួកវាទាំងនោះជាដើមហេតុនាំឲ្យមានការជល់ដាក់លុយសន្ធឹកសន្ធាប់នៅសង្វៀនជល់មាន់ដ៏ធំនៅតំបន់អារិយក្សត្រ ខេត្តកណ្តាល។
ចុះបើថ្ងៃក្រោយគេរកឃើញថា កីឡាបាល់ទាត់ និងកីឡាប្រដាល់ ជាដើមហេតុនាំឲ្យមានការចាក់ភ្នាល់លុយ តើអាចនឹងមានចំណាត់ការលើកីឡាករប្រដាល់ និងកីឡាករបាល់ទាត់ដូចអាគកទាំងនោះទេ???????”។

ហ្វេសប៊ុកមួយទៀតឈ្មោះ​ “Sophal Chhay Journalist”​ សរសេរថា”មាន់ជិត១០០ក្បាល កាលនៅរស់គេធ្វើបាបក្រុងក្នុងទ្រុង គេឲ្យវ៉ៃបុកបែកមុខមាត់ឈឺសុសចាច់ ទីបំផុតត្រូវបានគេកម្ទេចដោយអាកស្រោចឈាមលើធរណីទៀត!!! សូមសោយសុគតិភព ហើយកើតជាតិក្រោយ កុំឲ្យជួបកម្មបែបនេះទៀត!! រឿងនេះល្បីពេញភូមិ”។

“Nov Sivutha”សរសេរថា”ដីកាប្រហារសត្វមាន់ជល់ ៩២ក្បាល​នៅខេត្តកណ្តាល.. ពិតជាមិនដែលមានទេលើលោកនេះ….បើបានឱ្យ២ទៅ៣ក្បាលទុកដុតក្លែមមិនដឹងជាឆ្ងាញ់យ៉ាងណា”។​ នៅមានហ្វេសប៊ុកជាច្រើនទៀត​ លើកឡើងពីការកម្ទេចមាន់នេះ​ ៕ចេស្តា


ចែករំលែក៖