ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីដាក់ទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ លើការងារសន្តិសុខ ការអភិវឌ្ឃ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ លើការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសលើការងារសន្តិសុខ ការអភិវឌ្ឃ និងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន ទាន់ពេលនិងមានតម្លាភាព។

ជុំវិញទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ខាងលើត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បង្ហាញអោយដឹង ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ កាលពីរាត្រីថ្ងៃទី៣១ខែធ្នូ នៅរមណីយដ្ឋានវត្តភ្នំ ។

លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០១៨ គឺជាឆ្នាំដែលប្រទេសយើងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៃរដ្ឋសភា នាពេលខាងមុខ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ ដូចជា ៖ ១)បន្តខិតខំថែរក្សា ពង្រឹងសន្តិសភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងមាំបន្ថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។ ២)បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព និង៣) ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ ការផ្តល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយសំណើ សំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ លើកិច្ចការគ្រប់វិស័យក្នុងសង្គម។

លោកឃួង ស្រេង ក្នុង ឱកាសដែរក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលពុះពារសម្រេចបានសមិទ្ធផលលើគ្រប់វិស័យនៅក្នុងឆ្នាំចាស់ ឆ្នាំ២០១៧ ហើយស្នូរជួងឆ្នាំថ្មីបានពន្លឺឡើងនៅឆ្នាំថ្មី២០១៨។ សមិទ្ធផលនយោបាយ សង្គម និងសេដ្ឋកិច្ចដែលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០១៧កន្លងមកនេះ ពិតជាបានមកដោយសារការប្តេជ្ញាចិត្ត ការចូលរួចមយ៉ាងសកម្មរបស់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ។

លោកបន្តថា បើទោះបីជាយើងខិតខំសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យក៏ដោយ ក៏មានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលត្រូវខិតខំដោះស្រាយបន្ថែមទៀត។ ជាមួយការកើនឡើងនូវតម្រូវការសង្គម ពិសេសការកើនឡើងយ៉ាងឆាប់រហ័សនូវលំហូប្រជាពលរដ្ឋមកប្រកបមុខរបរ ធ្វើការងារ និងតាំងទីលំនៅក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យការឆ្លើយតបចំពោះការកើនឡើងយ៉ាងរហ័សនេះ នៅមានកម្រិត ជាហេតុធ្វើឲ្យលេចឡើងនូវបញ្ហាប្រឈម និងចំណុចសេសសល់ដែលត្រូវដោះស្រាយបន្ត ដូចជា ការកកស្ទះចរាចរ បញ្ហាសំរាម អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការសាងសង់ និងការផ្តល់សេវាសង្គមនានាជាដើម។ល។

លោកអភិបាលរាជធានីបានបន្តថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃស្មារតីមហាសាមគ្គីជាតិ និងឯកភាពជាតិ បានខិតខំកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ ហើយរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់ គ្រឹះស្ថាន អគារនានា នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣,២៥ភាគរយ ក្នុងមួយឆ្នាំៗ បច្ចុប្បន្ននេះចំនួនប្រជាជនទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយ នៃចំនួនប្រជាជនទីក្រុងភ្នំពេញ ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សា និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ។

នៅពេលដែលយើងទាំងអស់គ្នាកំពុងតែសប្បាយនាឱកាសឆ្លងឆ្នាំសកលនាពេលនេះ យើងក៏កុំភ្លេចក្រឡេកមើលទិដ្ឋភាពកាលពី៣៩ឆ្នាំមុន គឺនៅថ្ងៃទី៣១ខែធ្នូឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្លាំងប្រដាប់អាវុធតស៊ូប្រយុទ្ធបណ្តេញខ្មែរក្រហមចេញ ដើម្បីរំដោះទឹកដីឲ្យរួចផុតពីរបបយ៉ង់ឃ្នងបិសាច ប៉ុល ពត ដែលបានសម្លាប់ប្រជាពលរដ្ឋយើងអស់ជាច្រើនលាននាក់។ ការធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល និងរបបវាលពិឃាតនេះ កើតឡើងដោយសារលូកដៃពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ក្នុងការគាំទ្រ លន់ នល់ សិរីមតៈធ្វើរដ្ឋប្រហារទម្លាប់ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលធ្វើឲ្យសង្រ្គាមស៊ីវិលឆេះសន្ធោសន្ធៅពេលផ្ទៃប្រទេស។ ក្នុងពេលសង្រ្គាមនោះទិដ្ឋភាពនៅកម្ពុជាមិនខុសពីទិដ្ឋភាពនៅតំបន់មជ្ឈិមបូព៌ាដូចជា ប្រទេសស៊ីរី លីប៊ី ទុយនេស៊ី សព្វថ្ងៃនេះទេ។

រូបភាពខ្លោចផ្សារនៅតំបន់មជ្ឈិមបូព៌ាពេលបច្ចុប្បន្ន គឺជារូបភាពខ្លោចផ្សាររបស់ប្រទេសកម្ពុជាពីអតីតកាល ៤០ឆ្នាំមុន បានធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមអស់រយៈពេល៣ទសវត្សរ៍ ទើបបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន។ សង្គ្រាមបានបន្សល់ទុកឲ្យយើងនូវការព្រាត់ប្រាសគ្រួសារ បងប្អូនយកគ្នាជាប្តីប្រពន្ធ រត់ភៀសខ្លួនក្មេងកំព្រា ខូចខាតហេដ្ឋារចនាសម្ព័ន្ធ អត់ស្បៀង ជនពិការ ដែលទុក្ខវេទនាទាំងអស់នេះ មិនអាចរៀបរាប់អស់បានឡើយ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែរក្សាសុខសន្តិភាពដែលសម្តេចតេជោ បានបូជាអាយុជីវិតទើបទទួលបានមក ហើយដែលយើងប្តេជ្ញាចិត្តមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕ សំរិត


ចែករំលែក៖