ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុំ វណ្ណេត និង សៅ វណ្ណា ឡើងទៅជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀនប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតពាក់កណ្តាលផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by k.cement កាលពីរាត្រីថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ប្រភេទទម្ងន់ ៦៥ គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹសកីឡាករ អ៊ុំ វណ្ណេត អ្នកប្រដាល់មកពីក្លិបមរតកយុទ្ធគុនខ្មែរ និងកីឡាករ សៅ វណ្ណា អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅត្រូវឡើងទៅជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានវាយឈ្នះលើគូប្រកួតរៀងៗខ្លួននោះ។

កីឡាករ អ៊ុំ វណ្ណេត គេបានយកឈ្នះកីឡាករ គឹម វាសនា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៣ទឹក ក្នុងមួយទឹកមាន៣នាទីនោះ។ វណ្ណេត ឈ្នះ គឹម វាសនា ទាំងប្រផុតប្រផើយគឺឈ្នះដោយសារបានវាយត្រូវមុខ វាសនា មួយដៃឱ្យដួលសន្លប់ហើយអាជ្ញាកណ្តាលរាប់៨ម្តងការឈ្នះរបស់ វណ្ណេត ដោយសារគេមានកម្ពស់ខ្ពស់ ដៃជើងវែងជាង ដែលធ្វើឱ្យ វាសនា វាយមិនដល់ចាញ់ប្រៀប អ៊ុំ វណ្ណេត តាំងពីទឹកទី១ទៅម្ល៉េះ។ គឹម វាសនា ជាជើងខ្លាំងបើប្រៀបទៅនឹងកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់នោះគឺលើ អ៊ុំ វណ្ណេត តែដល់មកប្រកួតគ្នាជាមួយ គឹម វាសនា ចាញ់កម្ពស់ដាច់តែម្តង ដែលធ្វើឱ្យការវាយរបស់គេមិនចំគោលដៅល្អ ទើបចាញ់ពិន្ទុ អ៊ុំ វណ្ណេត។

ដោយឡែកកីឡាករ សៅ វណ្ណា បានប្រកួតឈ្នះកីឡាករ ង៉ែត្រ រដ្ឋា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុ ក្នុងការប្រកួតពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះដែរ។ សៅ វណ្ណា បានឈ្នះ ង៉ែត្រ រដ្ឋា គឺចាត់ទុកថាជាសំណាងរបស់គេហើយ ព្រោះ ង៉ែត្រ រដ្ឋា ជាជើងខ្លាំងម្នាក់ដែរ ខណៈ ដែលក្នុងការប្រកួតនេះគេមិនសង្ឃឹមថា វណ្ណា អាចឈ្នះ រដ្ឋា នោះទេ។ រដ្ឋា ចាញ់ វណ្ណា មានលក្ខណៈដូច គឹម វាសនា ដែរ គឺចាញ់ត្រង់កម្ពស់ វណ្ណា ខ្ពស់ជាងនោះ។

ចំពោះការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិវិញ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) អ្នកប្រដាល់របស់ក្លិបប្រដាល់ក្រសួងកសិកម្ម បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Virasak ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ ប៉ោ ភារិទ្ធ ឈ្នះ Virasak ទាំងវេទនា។ ចំណែកជ័យ សុផល អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានវាយចាញ់ សយ សុខ អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ក្នុងទឹកទី៤ ក្រោយពេលដែលត្រូវមួយដៃរបស់ សយ សុខ ចំមុខនោះ។

សូមបញ្ជាក់ថា បន្ទាប់ពីយកឈ្នះគូប្រកតួត អ៊ុំ វណ្ណេត និង សៅ វណ្ណា នឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាដណ្តើមយកតំណែងជើងឯកពានរង្វាន់ TV5 Knock Out Series ទម្ងន់៦៥គីឡូក្រាម ដែលអ្នកទទួលបានឋានៈជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៤.០០០ ដុល្លារ ហើយលេខ២ បាន២.០០០ ដុល្លារនោះ។ ចំណែក គឹម វាសនា គេក៏ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែរ តែក្នុងឋានៈប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះជាមួយនឹង ង៉ែត្រ រដ្ឋា ៕ សារីម


ចែករំលែក៖