ភ្នំពេញ៖ ទិវាបុណ្យជាតិ៧មករាលើកទី៣៩ ឆ្នាំ២០១៨នេះ នឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយបើតាមគម្រោង នឹងមានមហាជនចូលរួមជិត៥ម៉ឺននាក់ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃអង្គា ១រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃ ទី០២ មករា ឆ្នាំ២០១៨ ស្តីពីការពង្រឹងសន្តិសុខ របៀបរៀបរយ ជុំវិញការរៀបចំពិធីទិវាបុណ្យជាតិ៧មករា នៅសាលារាជធានីភ្នំពេញ ដោយ មានការចូលរួមពី មន្ដ្រីជាអភិបាលខណ្ឌនិងកម្លាំងមានសមត្ថកិច្ច ទាំង១២ខណ្ឌ ។
បើតាម ការបញ្ជាក់ឲ្យដឹងពីលោកម៉េត មាសភក្ដី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញថា ៖ ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង បានជម្រុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងសន្តិសុខ និងរបៀប រៀបរយឲ្យបានល្អ ជាពិសេសថែមទៀតនោះ គឺការ ណែនាំឲ្យប្រជាពលរដ្ឋដាក់ទង់ជាតិនៅតាមមុខផ្ទះរបស់ខ្លួន ដើម្បីទទួលបុណ្យ៧មករា ដោយនេះជា បុណ្យជាតិ ហើយទិវាបុណ្យនេះ ជាបុណ្យកំណើតទី២របស់យើង ទាំងអស់គ្នាផងដែរ បើគ្មានថ្ងៃ៧មករាក៏មិនមានថ្ងៃនេះដែរ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា៖ ទិវាបុណ្យជាតិ៧មករា លើកទី៣៩ ឆ្នាំនេះនឹងធ្វើឡើង ដោយមានមហាជនចូលរួមចំនួន៤៥០០០នាក់ ហើយក្នុងចំនួននេះសម្រាប់រាជធានីភ្នំពេញ មានមហាជន មកពីបណ្តាលខណ្ឌទាំង១២មានចំនួន២៥០០០នាក់។
លោកបញ្ជាក់ថា៖ ទិវាបុណ្យជាតិ៧ មករាលើកទី៣៩ ឆ្នាំនេះធ្វើឡើងធំជាងបណ្តាលឆ្នាំមុនៗ ។ដោយកន្លងមកនេះយើងធ្លាប់តែធ្វើនៅក្នុងទីតាំងគ៨៥(ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅចំការមន) ដែលដាក់មហាជនបានតែប្រមាណ១៦០០នាក់ប៉ុណ្ណោះ។ តែឆ្នាំនេះ ជាលើក ទី ១ហើយ ដែលនឹងធ្វើឡើងដោយមានមហាជនចូលរួមរហូតដល់ចំនួន៤៥០០០នាក់ ៕ សំរិត