ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារនៅសហរដ្ឋអាមេរិកសម្លាប់មនុស្សជិត១៦ពាន់នាក់នៅក្នុងឆ្នាំ២០១៧កន្លងទៅ

ចែករំលែក៖

នេះជាតួលេខមួយគួរឲ្យរន្ធត់បំផុត ដោយអំពើហិង្សាពាក់ព័ន្ធនឹងការប្រើប្រាស់ កាំភ្លើងនៅអាមេរិក បានសម្លាប់មនុស្ស រហូតដល់ទៅ១៥.៤៨៨នាក់។ ជាមួយ នឹងតួលេខខាងលើ ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រធិបតេយ្យ នឹងបន្តជំរុញ ឲ្យមាន ច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងនៅក្នុងទឹកដីអាមេរិក ដើម្បីបញ្ចៀសការ បាញ់ប្រហារពាសវាលពាសកាល ។

ក្រុមអ្នកឯកទេស បានបញ្ជាក់ថា ប្រសិន បើមិនមានច្បាប់គ្រប់គ្រង អាវុធឲ្យបាន សមស្របទេនោះ អ្នកស្លាប់ដោយការ ​ បាញ់ប្រហារនៅអាមេរិកនៅតែកើនឡើងជាបន្តទៀត ជាក្តីបារម្ភយ៉ាងខ្លាំង ដល់ ពលរដ្ឋអាមេរិក ។

ក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៧ កន្លងទៅ របាយការណ៍បានបង្ហាញឲ្យដឹង ថា មនុស្សសរុបចំនួន ១៥.៤៨៨នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងទឹកដី សហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ ២០១៨។

យោងតាមរបាយការណ៍ចុងក្រោយ បំផុត ដែលទើបចេញផ្សាយដោយវេប សាយសង្កេតការណ៍ Gun Violence Archiveថា ប្រទេសមហាអំណាចពិភព លោកមួយនេះ បានជួបប្រទះហេតុការណ៍បាញ់ប្រហារគ្នាចំនួន ៦១.០៨៩ករណី ដែលក្នុងនោះមានមនុស្សចំនួន ១៥.៤៨៨ នាក់ បានបាត់បង់ជីវិត ខណៈ ៣១.០៥៨ នាក់ ផ្សេងទៀតបានរងរបួស នាឆ្នាំទៅ មិញ។ ក្នុងចំណោមអ្នកស្លាប់ និងរបួស មានកុមារចំនួន ៧២៧នាក់ ដែលមានវ័យ ស្ថិតក្រោម ១១ឆ្នាំ និងជាង ៣.២០០នាក់ គឺជាយុវវ័យមានអាយុចន្លោះពី ១២ឆ្នាំ ដល់១៧ឆ្នាំ។

គួររំលឹកថា មានករណីបាញ់ប្រហារដ៏ មហាប្រល័យបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត អាមេរិកសម័យទំនើប បានកើតមានឡើង នៅឯទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិចអាមេរិក កាលពីថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៧។ ហេតុការណ៍ដ៏រន្ធត់​នោះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៥៨នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក្រោយពីបុរសម្នាក់ជាខ្មាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់រះយ៉ាងកំរោលទៅលើហ្វូងមនុស្សជាង ២.០០០នាក់ ដែលទៅចូល រួមព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយ៕ ម៉ែវ សាធី


ចែករំលែក៖