ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគំរាមផ្តាច់ជំនួយ , ប៉ាគីស្ថានគំរាមលាតត្រដាងការពិតឲ្យពិភពលោកបានដឹងពីអាមេរិក

ចែករំលែក៖

ក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាន់ប៉ាគីស្ថានថាបានបោកប្រាស់កុហកអាមេរិក ប៉ាគីស្ថានក៏មានវិធានការសម្រាប់វាយបកវិញផងដែរ។

នៅដើមឆ្នាំ២០១៨ ប្រធានាធិបតីត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា«អាមេរិបានជួយដល់ប៉ាគីស្ថានគិតជាទឹកប្រាក់មានរហូតដល់ទៅ៣៣ពាន់លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមក ប៉ុន្តែអ្វីដែលអាមេរិកទទួលបានពីប៉ាគី ស្ថាននោះ គឺជាការកុហកបោកប្រាស់តែ ប៉ុណ្ណោះ។ ពួកគេចាត់ទុកមេដឹកនាំអាមេរិកជាមនុស្សល្ងង់។ ប៉ាគីស្ថានបានផ្តល់កន្លែងលាក់ខ្លួនប្រកបដោយសុវត្ថិភាពដល់ក្រុមភេរវកម្ម ដែលអាមេរិកស្វែងរកនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន ។

បើទោះបីមិនបានបញ្ជាក់ឲ្យច្បាស់ថា អាមេរិកនឹងផ្អាកជំនួយផ្នែកណាពាក់ព័ន្ធការចោទប្រកាន់ខាងលើ ប៉ុន្តែអាមេរិកនឹងផ្អាកផ្តល់ប្រាក់ជំនួយ២៥៥លានដុល្លារដែលទើបតែពន្យារផ្តល់ឲ្យប៉ាគីស្ថាន។

ចំពោះការចោទប្រកាន់ខាងលើ រដ្ឋ មន្ត្រីការបរទេសប៉ាគីស្ថានលោក Khawaja Asif បានបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថាន បានត្រៀម នូវចម្លើយពិត «ធ្វើឲ្យពិភពលោកទាំងមូលដឹងការពិតពីអាមេរិក»។ ក្រសួងការបរទេសប៉ាគីស្ថានក៏បានកោះហៅមន្ត្រីស្ថានទូតអាមេរិកទៅសាកសួរ ផងដែរ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានបញ្ជាក់ថា ប៉ាគីស្ថានបានផ្តល់ដីសម្រាប់ដាក់ទីតាំងទីបញ្ជាការ ទីតាំងយោធា និងសហការចារ កម្ម ជួយអាមេរិកសម្លាប់មេដឹកនាំភេរវកម្ម អាល់កៃដា ក្នុងរយៈពេល១៦ឆ្នាំ តែប៉ាគីស្ថានទទួលបានមកវិញគឺជាការប្រមាថពីអាមេរិក។

ទំនាក់ទំនងរវាងអាមេរិកនិងប៉ាគីស្ថាន មិនសូវល្អនិងគ្នាចាប់តាំងពី ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំឡើងកាន់តំណែង ប្រធានាធិបតី។ ប៉ុន្តែ អតីតឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា ការកាត់ជំនួយនោះមិនធ្វើឲ្យប៉ាគីស្ថានធ្លាក់ចូលទៅក្នុងវិបត្តិនោះឡើយ។ ប្រសិនបើចង់ឲ្យប៉ាគីស្ថានស្តាប់បង្គាប់នោះ លោក ត្រាំត្រូវតែអនុម័ត ឲ្យបានតឹងតែងជាងនេះ៕ ម៉ែវ សាធី


ចែករំលែក៖