ស្ថានភាពហិង្សានៅក្នុងប្រទេសអីុរ៉ង់ ពាក់ព័ន្ធនិងបាតុកម្ម មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងរហូតដល់ទៅ១៥នាក់ហើយនេះជាក្តីបារម្ភបំផុត ដោយស្ថានភាព អាចជំរុញឲ្យប្រទេស ដែលមានឥទ្ធិពល បំផុតនៅមជ្ឈិមបូព៌ាមួយនេះធ្លាក់នៅក្នុង វិបត្តិនយោបាយ សង្គ្រាមស៊ីវិល ដូច ប្រទេស ស៊ីរី លីប៊ី ទុយនេស៊ី …។ ចំណុចដូចគ្នាក្នុងវិបត្តិប្រទេសអីុរ៉ង់និងប្រទេស ផ្សេងទៀត គឺមានការលូកដៃពីអាមេរិក ហើយនៅចុងក្រោយអាមេរិកនឹងជ្រៀតជ្រែកដោយបើកចំហ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានថ្កោលទោសសកម្មភាពរំលោភសិទ្ធិមនុស្ស និងអំពើហិង្សាទៅលើក្រុមបាតុករ។ ទីក្រុងវ៉ាស៊ីនតោននឹងតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពកើតឡើងនៅក្នុង ប្រទេសអីុរ៉ង់។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨បានផ្សាយថា ខណៈអុីរ៉ង់កំពុងប្រឈមមុខនឹងចរន្តបាតុកម្មតវ៉ាកាន់តែខ្លាំងនៅក្នុងប្រទេសនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសលូកដៃក្នុងវិបត្តិនេះ ដោយនិយាយថា អុីរ៉ង់ត្រូវការផ្លាស់ប្ដូរ។ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា លោក ត្រាំ មិនបានយល់ច្បាស់ពីប្រភពនៃបាតុកម្ម ជា ពិសេសគឺប្រជាជនអុីរ៉ង់ដែលនៅតែមើលឃើញថា សហរដ្ឋអាមេរិកគឺជាមេបង្កការ បំផ្លិចបំផ្លាញ។
មួយថ្ងៃមុនចូលឆ្នាំថ្មី លោក ដូណាល់ ត្រាំ បានបង្ហោះសារគាំទ្រក្រុមបាតុករ ប្រឆាំងនឹងរដ្ឋាភិបាលអុីរ៉ង់លើបណ្តាញ សង្គម Twitter ដោយអំពាវនាវឱ្យរបបដឹកនាំអុីរ៉ង់សព្វថ្ងៃ គោរពសិទ្ធិប្រជាជន របស់ខ្លួន និងថែមទាំងព្រមានដែរថា របបគាបសង្កត់មិនអាចនៅឋិតថេរយូរអង្វែងនោះទេ ហើយថាពិភពលោកកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់ ចំពោះការ រំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរ អុីរ៉ង់។
ប៉ុន្តែជុំវិញបញ្ហានេះដែរ ថ្លែងក្នុងបទ សម្ភាសន៍ជាមួយ RT សាស្រ្តាចារ្យមកពី សាកលវិទ្យាល័យ Aydin ក្នុងទីក្រុងអុីស្ដង់ ប៊ូល ប្រទេសទួរគី លោក អាហ៍ម៉េដ អាល់ បួរ៉ៃ (Ahmed Al-Burai) យល់ថា ប្រជា ជនអុីរ៉ង់ក្នុងនោះរួមមានទាំងក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអុីរ៉ង់ នៅតែមើល ឃើញសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ ក្នុងផ្លូវអវិជ្ជមាន ហើយពួកគេក៏មិនជឿជាក់លើទីក្រុងវ៉ាស៊ីនតោនដែរថាអាចជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ពួក គេ។
លោក Al-Burai បន្ថែមថា ប្រជាជន អុីរ៉ង់មិនជឿជាក់លើ លោកត្រាំ ដោយសារ តែ រដ្ឋាភិបាលរបស់លោកបានទាត់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ ២០១៥។ មិនតែប៉ុណ្ណោះ នៅក្នុងកែវភ្នែករបស់ពួកគេគោលនយោបាយអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា បានបង្កជា សង្រ្គាម និងអស្ថិរភាពនៅក្នុងតំបន់ ជាឧទាហរណ៍ដូចនៅស៊ីរី និងអុីរ៉ាក់ ហើយ រឹតតែសំខាន់ជាងនេះទៅទៀតគឺថា សហ រដ្ឋអាមេរិក គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អារ៉ាប៊ីសាអ៊ូឌីត និងអុីស្រាអែល ដែល ប្រទេសទាំងពីរនេះអាចនិយាយបានថា ជាសត្រូវធំបំផុតរបស់អុីរ៉ង់។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុង ប្រទេសអុីរ៉ង់ បានផ្ទុះឡើងដំបូងកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ ដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការឡើងថ្លៃទំនិញ និងអំពើពុក រលួយ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងស្រុក បាតុកម្មតវ៉ាឈាន ចូលថ្ងៃទី៥ នេះបានក្លាយជាអំពើហិង្សា និងបណ្ដាលឱ្យមនុស្ស ១៥នាក់ បាត់បង់ ជីវិត។
នៅក្នុងប្រទេសអុីរ៉ង់ លោកប្រធានាធិប តីហាស្សាន់ រូហានីបានចេញមុខធ្វើអន្តរា គមន៍ជាលើកទី១ទាក់ទងនឹងបាតុកម្មដែលបានផ្ទុះតាំងពី៥ថ្ងៃមុន។ នៅក្នុងបទអន្តរាគមន៍នាយប់ថ្ងៃអាទិត្យ ទី៣១ ធ្នូ លោក រូហានីបានច្រានចោលរាល់ទង្វើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ តែស្របគ្នានេះ លោករ៉ូហានីក៏បានបញ្ជាក់ពីការយល់ព្រមបង្កើតឲ្យមានឱកាស សម្រាប់ក្រុមសកម្មជនបដិវត្តន៍ និងពលរដ្ឋទូទៅអាចសម្តែងក្តីបារម្ភប្រចាំថ្ងៃរបស់ខ្លួនដែរ។ បន្ទាប់មក លោករូហានី មិនភ្លេច បរិហារលើពាក្យរិះគន់របស់សមភាគីអាមេរិកលោកដូណាល់ ត្រាំឡើយ។
៥ថ្ងៃក្រោយបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងផលវិបាកផ្នែកសេដ្ឋកិច្ចដែល បានកើតមានឡើងនៅក្នុងខេត្តជាច្រើន និងក្នុងទីក្រុងតេហេរ៉ង់មក លោកប្រធានា ធិបតីហាស្សាន់ រូហានីបានបញ្ចេញប្រតិ កម្មជាលើកដំបូងដោយច្រានចោលអំពើហិង្សា និងយល់ព្រមបង្កើតឲ្យមានបរិយា កាស និងលក្ខខណ្ឌសម្រាប់ពលរដ្ឋដើម្បី ឲ្យពួកគេអាចសម្តែងមតិរិះគន់បាន។ តែ លោករូហានីបានបន្ថែមថា បរិយាកាស និងលក្ខខណ្ឌក្នុងការសម្តែងមតិរិះគន់នឹងត្រូវធ្វើឡើងសម្រាប់តែការតវ៉ាតាមក្បួនបាតុកម្ម និងការជួបជុំទាំងឡាយដែលច្បាប់បានអនុញ្ញាត។ លោករូហានីបានទាត់ចោលលើការប្រើអំពើហិង្សា និងទង្វើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
«ប្រជាជនមានសិទ្ធិសេរីភាពពេញ លេញក្នុងការសម្តែងមតិរិះគន់ តែជាមតិ រិះគន់ក្នុងន័យស្ថាបនា និងអាចអនុញ្ញាត ចូលរួមជួយលើកតម្កើងស្ថានភាពប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន » នេះជាការព្រមានរបស់លោករូហានីនៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ ដោយឡែក លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានព្រមានចំៗលើពួកបាតុករដែលបានប្រើអំពើហិង្សានៅក្នុងក្បួនបាតុកម្ម។ ក្រៅពីព្រមានលើ ទង្វើហិង្សារបស់ពួកបាតុករ រដ្ឋអំណាចក៏បានកម្រិតការប្រើបណ្តាញសង្គមដើម្បី បញ្ជៀសការអំពាវនាវឲ្យមានក្បួនបាតុកម្មថ្មីៗទៀត។
ដោយឡែក លោកប្រធានាធិបតីរូហានីក៏មិនញញើតនឹងបរិហារលើពាក្យរិះគន់របស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលបានលើកឡើងថា រដ្ឋាភិបាលអុីរ៉ង់ត្រូវតែគោរពសិទ្ធិរបស់បាតុករ។ « លោកនេះនៅអាមេរិកចង់បង្ហាញពីសមានចិត្ត ចំពោះប្រជាជនអុីរ៉ង់ តែគាត់ហាក់ភ្លេចថាគាត់បានចាត់ទុកប្រជាជនអុីរ៉ង់ជាភេរវជន »នេះជាការថ្លែងរបស់លោករូហានី មុននឹង វ៉ៃប្រហារចំៗថា « ត្រាំគ្មានសិទ្ធិអាណិត អាសូរជាមួយប្រជាជនអុីរ៉ង់ឡើយ »៕ ម៉ែវ សាធី