ភ្នំពេញ៖ បុរសម្នាក់បានលួចទូរស័ព្ទខណៈម្ចាស់ចូលបន្ទប់ទឹកហើយយកទៅលក់នៅផ្សារសាំហាន់ ពេលកំពុងលក់ ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខបន្ទប់ជួលលេខ១២ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ម្តុំខាំកូសុីធីក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ រីឯជនរងគ្រោះមានឈ្មោះឥន សុខរស់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងប្រពន្ធឈ្មោះ អៀប ស្រឡៃ អាយុ៣៨ឆ្នាំ មុខរបរលក់គុយទាវ អ្នកទាំងពីរស្នាក់នៅបន្ទប់ជួល លេខ១២ ផ្លូវបេតុងភូមិពោងពាយ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទូរស័ព្ទដែលជនសង្ស័យលួចបានសម្រេចនោះម៉ាកសាំសុងA5ពណ៌ស។
ប្រភពពត៌មានពីបុរសជាម្ចាស់ទូរស័ព្ទឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបណ្តើរម៉ូតូចេញពីបន្ទប់ដោយទុកទូរស័ព្ទនៅក្នុងកន្ត្រកម៉ូតូគាត់បានចូលបន្ទប់ទឹកពេលចេញពីបន្ទប់ទឹកមិនឃើញទូរស័ព្ទមានកាសង្ស័យថាមានគេលួចក៏ប្រញ៉ាប់ប្រញ៉ាល់ជិះដើររកនៅតាមកន្លែងកល់ទិញទូរស័ព្ទនៅផ្សារសាំហាន់ក៏ប្រទះឃើញជនសង្ស័យកំពុងតែលក់ទូរស័ព្ទលួចពីកន្ត្រកម៉ូតូគាត់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលនាំខ្លួនជនសង្ស័យមកដល់ប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែ២ម្ចាស់ទូរស័ព្ទ្ទអាណិតក៏មិនបានដាក់ពាក្យបណ្តឹងនោះទេក៏ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញចំណែកទូរស័ព្ទក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញផងដែរ៕ សតារា