គូព្រេងមិនព្រាត់
អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ
(វគ្គ ៣)
ឯកូនក្រមុំមាន ១៣ រូប អង្គុយនៅកៅអីជួរមុខ និង កូនកម្លោះ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយមិនមែនជាកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមកតម្រៀបឱ្យកូនកម្លោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និង ខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និង ករ៉ានី ពីក្រោយដែលក្នុងចិត្តអាណិតអនាគតភរិយាដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញាតិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ឋរបស់ពួកគេត្រូវអង្គការផ្សំផ្គុំឱ្យខុសពីគូខ្ញុំដែលបានស្ដីដណ្តឹងមុននឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។ កម្មវិធីបានចាប់ផ្តើម បន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់កម្មវិធីដែលគណះអធិបតីយសួរសំណួរមកកាន់កូនក្រមុំ និងកូនកម្លោះឱ្យឆ្លើយមួយគូម្ដងៗ ដោយសួរកូនក្រមុំមុននិងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះគឺដល់ រ៉ានី២ សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេគឺ (តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏បានសួរទៅចាស់ទុំដែលបានអញ្ជើញចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុរហូតឆ្នាំ១៩៩៣ ទើបចូលនិវត្តន៏ និង ទទួលមរណៈភាពនៅឆ្នាំ ២០១៤)។
នៅម៉ោងប្រមាណ ២:00 រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់ករអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹកនិងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាពការណ៌ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយជេរពួកសេរីនិយម សូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជាដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៌ ការវាយកំទេចគាស់រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ឋិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ចាំមិនអស់ទេនូវពាក្យបណ្តាសាររបស់របស់ប្រធានគណៈអធិបតីដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គំត្រូវបានបញ្ចប់នៅម៉ោង ៣ និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និង ដោយគ្មានឈប់សម្រាក។
នៅម៉ោងប្រហែលជា៤:00 ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ឋ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱយយុទ្ឋជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ឋគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ឋខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយក អីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ឋឆ្លើយថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូននៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះនៅក្រោយពេលរៀបការ។
ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាកបានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មកម៉្លេះព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអុំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសំរាប់ឱ្យក្មួយៗទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអុំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះនៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ឋគូ ទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ។ ខ្ញុំពិតជាហួសចិត្តផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូរ (គូរទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែមប្រាប់ខ្ញុំថា បងសែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថាបានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវដើម្បីសុំវាំងននឱយខ្ញុំ។
ខ្ញុំរង់ចាំប្រពន្ឋខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុននិងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធី គេតម្រូវឱយកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅនិងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱយស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំមិនបានទទួលអ្វីផ្សេងក្រៅពីរបស់របរផ្ទល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញរ៉ានីឱបបាឡូមកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ឋជាទីស្រឡាញ់របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។
អំពើរបស់អង្គការថ្ងៃនេះក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និង គ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសំអាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱយខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ឋចិត្តមិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥ មករា ១៩៧៦ លុះព្រឹកឡើងមន្ទីរយោធាតំបន់បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់បានទទួលទានអ្វីទាំងអស់ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមាន ប្តីប្រពន្ឋខ្ញុំ២នាក់ គូទី១២ ហែម និង វណ្ណា២នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់:ឈ្មោះស៊ីថា។ ចេញពីភូមិច្រាបមិនបានប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់នៅផ្សារសួង ទំរាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួចគឺម៉ោងប្រហែល ១១:00 ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាមដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ។
កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះគឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួងបានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្សល់ធ្វើដំណើរបាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ស៊ីថានិងសុជាតិ ដែលអ្នកទាំង២នាក់សុទ្ឋតែជាអតីតយុទ្ឋជននិងកូនសិស្សខ្ញុំលើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថានិងសុជាតិប្រញ៉ាប់ជិះម៉ូតូទៅចំការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀតចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិក៏ជិះម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ៤នាក់ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុក ពញ្ញាក្រែក ដែលនៅជាប់ផ្លូវលេខ៧ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោកពូអ្នកម៉ីងម្ចាស់ផ្ទះទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថាខ្ញុំជាមេបញ្ជការកងទព័ដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀតនៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់មេឃក៏ចាប់ផ្តើមងងិតហើយ គាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ៤កំប៉ុងមកម្ចាស់ផ្ទះដាំឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ។ ហើយបើគិតពីពេលបាយនៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូតម៉ោង៨យ ប់ថ្ងៃ ៦ មករានេះមានរយះពេល២៨ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ឋខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ឋខ្ញុំដឹងទេ។
ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ឋគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោសព្រោះខ្លាចក្មួយៗជម្រត់គ្នាមិនមែនជាប្តីប្រពន្ឋពិតប្រាកដ។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅតែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេលព្រឹកឡើងម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តី ប្រពន្ឋខ្ញុំទៅកាន់ទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំជាមួយប្រពន្ឋកាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និង បង្អាប់ខ្ញុំផង។
ប្តីប្រពន្ឋយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី ៨ ខែ មករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសំរាប់ប្តីប្រពន្ឋរបស់ខ្ញុំ។
ថ្ងៃទី១២ ខែ មករា ឆ្នាំ ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំចេញដំណើរទៅមន្នីរពេទ្យដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញ្ញាក្រែក។ នាពេលនេះហើយបន្ទាប់ទៅត្រូវទៅលើកប្រព័ន្ឋភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ឋិ និងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយនិងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?។
អត្ថបទដែលខ្ញុំសរសេរពេលនេះមិនទាន់ចប់ទេ ខ្ញុំនឹងបន្តសរសេររឿងរ៉ាវដែលទាក់ទងនិងប្រវតិ្តរបស់ខ្ញុំជាបន្តទៀត ដែលនឹងបញ្ចេញតាម Facebook របស់ខ្ញុំ។
សុំរង់ចាំអានបន្ត សុំអរគុណ
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ