ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងប្រទេសជប៉ុននឹងកូរ៉េខាងត្បូងអាចប្រឈមមុខតានតឹងដោយសារតែបញ្ហាទាសករផ្លូវភេទ

ចែករំលែក៖

កន្លងមកថ្មីៗប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអីុន បានទៅសួរសុខទុក្ខអតីតស្ត្រីដែលត្រូវចាប់បង្ខំធ្វើជាទាសករ ផ្លូវភេទបម្រើទាហានជប៉ុន នៅក្នុងផ្ទះបន សម័យសង្គ្រាមជប៉ុន បន្ទាប់ពីស្ថានភាព របស់ពួកនាងបានជះស្រមោលថ្មីលើចំណងមិត្តភាព រវាងកូរ៉េខាងត្បូង នឹងជប៉ុន។

យោងតាមការផ្សាយរបស់កាសែត រ៉យ ទ័រ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ បាន ឲ្យដឹងថា ការិយាល័យប្រធានាធិបតីកូរ៉េ ខាងត្បូង ដែលហៅថា វិមានខៀវ បាន និយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបពិសាអាហារជាមួយស្ត្រីរងគ្រោះក្នុង សម័យសង្គ្រាមនោះ ប៉ុន្តែមិនបានប្រាប់ឲ្យ ដឹង អំពីចំនួនរបស់ពួកគេទាំងនោះទេ។

គួរបញ្ជាក់ថា លោក មូន ជេអុីន ធ្លាប់ បានមានប្រសសាន៍ថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលជប៉ុន បានសុំទោសជន រងគ្រោះ និងផ្តល់ប្រាក់៨,៨លានដុល្លារ ដល់មូលនិធិដើម្បីជួយស្ត្រីទាំងនោះគឺជា កំហុសដ៏ធ្ងន់ធ្ងរចំណែកប្រទេសជប៉ុន បាន និយាយថា ការប៉ុនប៉ងណាមួយដើម្បីកែប្រែកិច្ចព្រមព្រៀងនេះ អាចនឹងធ្វើឲ្យប៉ះ ពាល់ដល់ចំណងមិត្តភាព រវាងប្រទេស ទាំងពីរ។

ភាពតានតឹងរវាងជប៉ុននឹងកូរ៉េខាងត្បូង ក្នុងសំណុំរឿងទាសករផ្លូវភេទបានផ្ទុះឡើងជាថ្មី និងបន្តបំពុលទំនាក់ទំនងរវាងប្រទេសទាំងពីរមិនចេះចប់មិនចេះហើយ។ ជប៉ុន មិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលរិះគន់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ស្តីអំពីសំណុំរឿងទាសករផ្លូវភេទទេ។ នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងលុបចោលកម្មវិធីបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងទៀតផង។

បើតាមការអះអាងរបស់ក្រុមជំនិតនឹងលោក សុីនហ្សូ អាបេ លោកនាយករដ្ឋ មន្ត្រីជប៉ុនទំនងជាមិនទៅចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅកូរ៉េខាង ត្បូង ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នោះទេ។ ឯកអគ្គរដ្ឋ ទូតជប៉ុននៅកូរ៉េខាងត្បូងនឹងអាចកោះហៅឱ្យត្រលប់ចូលប្រទេសវិញជាបណ្តោះអាសន្នដែរ ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះសេចក្តីថ្លែងការណ៍របស់សេអ៊ូល។

កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការ ទទួលបន្ទុកមើលកិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាងត្បូងឆ្នាំ២០១៥ ដែលទើបបង្កើត ឡើងកាលពីខែវិច្ឆិកា បានចេញរបាយ ការណ៍សម្តែងការសោកស្តាយថាកិច្ចព្រម ព្រៀងជប៉ុន-កូរ៉េខាងត្បូងឆ្នាំ២០១៥ ក្នុង សំណុំរឿងទាសករផ្លូវភេទ នោះមាន កង្វះខាតច្រើន គ្មានការពិគ្រោះយោបល់ជាមួយនឹងជនរងគ្រោះជាដើម។ល។ ហើយនៅថ្ងៃបន្ទាប់ លោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអុីន ដែលធ្លាប់សន្យាក្នុងពេលបោះឆ្នោតថានឹង សើរើមើលកិច្ច ព្រមព្រៀងនេះ បានប្រកាសចាត់ទុកកិច្ច ព្រមព្រៀង ជប៉ុន-កូរ៉េខាងត្បូង ថា មិនល្អ ដែលគួរតែកែប្រែខ្លះ។ កូរ៉េខាងត្បូងទំនងជានឹងស្នើឱ្យនាយករដ្ឋមន្ត្រីសរសេរលិខិតសុំទោសទៅកាន់គ្រប់ជនរងគ្រោះ ដែលពុំមានចែងក្នុងកិច្ចព្រមព្រៀងទេ។

លោក មូន ជេអុីន មិនបានប្រកាសចង់ដកខ្លួនពីកិច្ចព្រមព្រៀងមែន ប៉ុន្តែជំហរ ត្រឹមចង់សើរើមើលឡើងវិញ បានធ្វើតូក្យូចាត់ទុកថាមិនអាចទទួលយកបានទេ និងអាចធ្វើឱ្យទំនាក់ទំនងទ្វេភាគីលែងគ្រប់ គ្រងកើត។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីការ បរទេសជប៉ុនបានថែមទាំងរិះគន់សេអ៊ូលថាមិនចេះរក្សាព័ត៌មានសម្ងាត់។

សូមបញ្ជាក់ថា ជប៉ុននិងកូរ៉េខាងត្បូង បានរកកិច្ចព្រមព្រៀងស្តីពីសំណុំរឿង ទាសករផ្លូវភេទ នៅឆ្នាំ២០១៥ ក្រោមរដ្ឋ បាលលោកស្រីផាក គឿនហេ។ ជាកិច្ច ព្រមព្រៀង “ចុងក្រោយ និងគ្មានការត្រលប់ ក្រោយ” ដែលភាគីជប៉ុនបានធ្វើការសុំទោសដោយស្មោះស្ម័គ្រ និងបង់ថវិកា៧លាន កន្លះដល់មូលនិធិស្ត្រីរងគ្រោះ។ កាលណោះសហគមន៍អន្តរជាតិបានអបអរស្វាគមន៍យ៉ាងខ្លាំង ប៉ុន្តែប្រជាពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនព្រមទាំងគ្រួសារជនរង គ្រោះ ប្រឆាំង៕ ម៉ែវ សាធី


ចែករំលែក៖