ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋគាំទ្រសមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាល បានចេញប្រតិបត្តិការតាមផ្លូវក្នុងរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ អនុវត្តមុនគេនៅមុខក្រសួង មហាផ្ទៃ។ ពោលគឺចាប់អ្នកធ្វើដំណើរតាមម៉ូតូដែលមិនពាក់មួកសុវត្ថិភាពជិះបញ្ច្រាសទិស អត់កញ្ចក់ និងម៉ូតូ អត់ស្លាកលេខ ។

សមត្ថកិច្ចបានចាប់យកម៉ូតូទៅស្នងការនគរបាលរាជធានី ហើយតម្រូវឲ្យម្ចាស់ម៉ូតូ ពាក់មួកសុវត្ថិភាព និងធ្វើកិច្ចសន្យាមុននឹងប្រគល់ម៉ូតូឲ្យវិញ។ ប្រតិបត្តិការដំបូងសមត្ថកិច្ចចម្រុះអនុវត្តនៅមហាវិថីព្រះនរោត្តមនៅមុខទីស្តីការក្រសួងមហាផ្ទៃ ។

មន្ត្រីនគរបាលបានប្រកាសថា ចាប់ពីថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង ៣០នាទីទៅសមត្ថកិច្ចចម្រុះនឹងចុះចាប់អ្នកជិះម៉ូតូអត់ពាក់មួក ជិះបញ្ច្រាសទិស អត់ កញ្ចក់ អត់ស្លាកលេខដោយដកហូតម៉ូតូ យកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថតទូរទស្សន៍ឲ្យធ្វើកិច្ចសន្យាសិនទើបផាកពិន័យរួចប្រគល់ម៉ូតូឱ្យវិញ ។

មន្ត្រីដដែលបានបានបន្តថា ការចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍អត់មានផាកពិន័យនៅនឹងកន្លែងទេ បើអ្នកបើកបរ រឹងទទឹងនគរបាលចាប់ដាក់ខ្នោះសិន ។

នៅព្រឹកថ្ងៃដដែលនោះគេសង្កេតឃើញកម្លាំងមានសមត្ថកិច្ចចម្រុះជាច្រើននាក់ ដែលរួមមានគ្រប់បណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញបានដាក់គោលដៅរៀងៗខ្លួនអនុវត្តវិធានក្តៅដោយចុះបង្ក្រាបនិងឃាត់អ្នកដែលជិះម៉ូតូមិនគោរពច្បាប់ ។

ការចុះឃាត់អ្នកដែលជិះម៉ូតូមិនគោរពច្បាប់នេះដែរធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក៏ដូចជាអនុវត្តតាមការណែនាំពីសំណាក់នាយឧត្តមសេនីយ៍អគ្គ ស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញដែលបានដាក់ បញ្ជាឲ្យសមត្ថកិច្ចទាំង១២ខណ្ឌធ្វើយ៉ាងណាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹុងបំផុតចំពោះអ្នកដែលជិះម៉ូតូ អត់ពាក់ មួកសុវត្ថិភាព, អ្នកជិះបញ្រ្ចាសទិស, ម៉ូតូ អត់បំពាក់កញ្ចក់, ម៉ូតូអត់ស្លាកលេខរួមនឹង កែច្នៃខុសបច្ចេកទេសជាដើមដោយសម្រេចដកហូតម៉ូតូទាំងនោះបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី ថតផ្សព្វផ្សាយធ្វើកិច្ចសន្យា និងទើបផាក ពិន័យតាមច្បាប់ទើបប្រគល់ម៉ូតូឲ្យម្ចាស់ដើមវិញ ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងដោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ, លោក ឃួង ស្រេង ប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងជា អភិបាលរាជធានីភ្នំពេញ និងដឹកនាំដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាលរាជធានីភ្នំពេញ ។

ប្រធានគោលដៅមួយក្នុងចំណោម គោលដៅជាច្រើននៅរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ឡុង សាវុធ អធិការរង នគរបាលខណ្ឌ៧មករាបានឲ្យដឹងថា នៅថ្ងៃនេះនគរបាលចរាចរដោយមានការ ចូលរួមសហការពីកម្លាំងសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់បានបើកប្រតិបត្តិរឹតបន្ដឹង ច្បាប់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ។ ប្រតិបត្តិការរឹងបន្ដឹងច្បាប់ចរាចរណ៍នេះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការគោរព ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ក្នុងនោះកម្លាំងជំនាញ បានឃាត់ទុកអ្នកណាដែលមិនមានមួក សុវត្ថិភាពមិនមានកញ្ចល់មើលក្រោយ និង ការបើកបញ្ច្រាសទិសជាដើម ។

លោក ឡុង សាវុធ បានលើកឡើងយ៉ាង ដូច្នេះថា «ការអនុវត្តនៅថ្ងៃនេះទី១-រឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោកដោយតម្រូវឲ្យគាត់មានមួកសុវត្ថិភាព, ទី២- ឲ្យគាត់មានកញ្ចប់ មើលក្រោយ និងទី៣-ការបើកបរបញ្ច្រាស ទិស។ គោលការណ៍សំខាន់គឺយើងចាប់អ្នក ដែលជិះម៉ូតូបញ្ច្រាសទិសតែម្ដងហើយប្រតិ បត្តិការនេះយើងធ្វើជាបន្ដបន្ទាប់រហូត»។

បើតាមមន្ដ្រីនគរបាលរូបនេះបានបញ្ជាក់ថា ក្រោយចាប់ឃាត់ទុកភ្លាមៗអ្នកបើកបរខុសច្បាប់ទាំងនោះមិនតម្រូវឲ្យផាកពិន័យនៅកន្លែងនោះទេ ពោលគឺគ្រាន់តែណែនាំ និងកត់កំណត់ហេតុរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអ្នកបើកបរទាំងអស់នោះទៅបង់ផាកពិន័យដោយខ្លួនឯង ។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំអនុគណៈកម្មការទី២នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិក៏បានបង្ហាញពីវិធានការក្តៅមួយចំនួនទៅលើអ្នកបើកបរមិនពាក់មួកសុវត្ថិភាពហើយ ការអនុវត្តវិធានការក្តៅនេះនឹងមានពីរទៅ បីដំណាក់កាលថែមទៀតផង ។

បើតាមលោក គៀត ច័ន្ទថារិទ្ធ វិធានការ ក្តៅក្នុងដំណាក់កាលទី១សម្រាប់អ្នកបើកបរមិនពាក់មួកសុវត្ថិភាពនៅពេលសមត្ថ កិច្ចចាប់គឺមិនតម្រូវឲ្យផាកពិន័យនោះទេ តែត្រូវឃាត់ម៉ូតូទុកហើយឲ្យអ្នកបើកបរទៅទិញមួកសុវត្ថិភាព ឬយកមួកសុវត្ថិភាព មកបង្ហាញមន្ត្រីនគរបាលចរាចរទើប អនុញ្ញាតឲ្យម៉ូតូវិញ។ ដំណាក់កាលទី២ សម្រាប់អ្នកបើកបរមិនពាក់មួកសុវត្ថិភាព គឺត្រូវចាប់ម៉ូតូទុកបង្ខំឲ្យទិញ ឬយកមួក សុវត្ថិភាពមកបង្ហាញសមត្ថកិច្ចហើយត្រូវ រងការពិន័យថែមទៀតផង។ ដំណាក់កាល ទី៣វិញអាចឃាត់ម៉ូតូទុករយៈពេល២ទៅ៣ថ្ងៃទើបប្រគល់ឲ្យវិញ ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មហាវិថីព្រះនរោត្តមត្រង់ចំណុចមុខក្រសួងមហាផ្ទៃបានលើកឡើងពីការគាំទ្រចំពោះចំណាត់ការយ៉ាងតឹងរឹុងរបស់សមត្ថកិច្ចដែលចុះ ប្រតិបត្តិការបង្ក្រាបរាល់អ្នកបើកបរដែល បំពានច្បាប់ចរាចរណ៍ ។

ការបង្ក្រាបអ្នកបំពានច្បាប់ចរាចរណ៍នេះប្រជាជនរស់នៅ និងធ្វើដំណើរឆ្លងកាត់មុខក្រសួងមហាផ្ទៃលើដងមហាវិថីព្រះ នរោត្តមបង្ហាញការគាំទ្រចំពោះចំណាត់ការនេះដោយពួកគាត់លើកឡើងថា វានឹងធ្វើឲ្យ ចរាចរណ៍នៅចំណុចនេះមានភាពប្រសើរមានសណ្ដាប់ធ្នាប់ល្អជាងមុន ជាពិសេស ពួកគាត់ក៏ស្នើសុំឲ្យបង្រ្កាបជារៀងរហូតកុំធ្វើរបៀបជាវែកចក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈដែលបានចេញផ្សាយកាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨បញ្ជាក់ថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៧បាន សម្លាប់មនុស្ស១.៧៨០នាក់និងបង្កឲ្យ មានជនរងគ្រោះចំនួន៥.៥៣៩នាក់ ៕ ហេង សូរិយា


ចែករំលែក៖