ការចាកចេញពីអឺរ៉ុប របស់អង់គ្លេសកំពុងតែឈានដល់ដំណាក់កាលសំខាន់ បំផុត នៅពេលដែលអង់គ្លេសនិងអឺរ៉ុប បានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន ជាការបើកផ្លូវសម្រាប់ ឈានដល់ការចាក ចេញជាផ្លូវការ។ ជាមួយលទ្ធផលនេះ សហភាពអឺរ៉ុប និងអង់គ្លេស អាចចាប់ផ្តើមបន្តកិច្ចចរចាវគ្គបន្ទាប់ស្តីអំពីទំនាក់ទំនង រវាងគ្នានាពេលអនាគត ដែលជាដំណាក់កាលដ៏ស្មុគស្មាញខ្លាំង។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Jean Claude Junker បានប្រកាស រកឃើញការព្រមព្រៀងគ្នា គ្រប់គ្រាន់ស្តីអំពីលក្ខខណ្ឌនៃការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហើយ។
នៅក្នុងកិច្ចព្រមព្រៀង បានផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនជាអាទិភាព ដូចជា៖
-សិទ្ធិរស់នៅៈ សិទ្ធរបស់ពលរដ្ឋអឺរ៉ុបទៅរស់នៅអង់គ្លេស (បីលាននាក់) និង ពលរដ្ឋអង់គ្លេសមករស់នៅក្នុងសហភាព (១លាននាក់) នៅតែត្រូវបានរក្សាទុក ដដែល ក្រោយពីអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។
-ព្រំដែនៈ គ្មានរនាំងព្រំប្រទល់រវាងអៀរឡង់ខាងជើង ខេត្តរបស់អង់គ្លេស និង ប្រទេសអៀរឡង់ ជាសមាជិកសហភាព អឺរ៉ុបទេ។ នេះជាការធានាអះអាងរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស។
ពេលដែលអង់គ្លេសចាកចេញ គឺស្ថាប័ន ធំៗរបស់អឺរ៉ុប បានប្រជែងគ្នាដណ្តើមយក ស្ថាប័ននោះមកដាក់នៅក្នុងប្រទេសខ្លួន។ជាក់ស្តែង ប៉ារីស និងអាំស្ទែរដាម នឹងធ្វើជា ម្ចាស់ផ្ទះ ទទួលយកទីភ្នាក់ងារសំខាន់ពីរ របស់អឺរ៉ុប ដែលនឹងរើទីតាំងរបស់ខ្លួន ចេញពី ទីក្រុងឡុង នៅក្រោយការដើរ ចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប។ ទៅតាមការបោះឆ្នោតសម្ងាត់ នៅទីក្រុង ប្រ៊ុចសែល នាថ្ងៃចន្ទ ក្រុងប៉ារីសរបស់បារាំង ត្រូវបានជ្រើសរើសឲ្យទទួលយកទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប EBAចំណែកក្រុង អាំស្ទែរដាម របស់ប្រទេសហុល្លង់មាន សំណាងទទួលបានទីភ្នាក់ងារគ្រប់គ្រង ឱសថអឺរ៉ុប EMA។
តាមគម្រោង អង់គ្លេសនឹងអាចដើរ ចេញ ឬលែងលះដាច់ស្រឡះ ពីសហភាព អឺរ៉ុប នៅខែមីនា ឆ្នាំ ២០១៩។ ប៉ុន្តែ នៅក្នុងដំណាក់កាល ដែលអង់គ្លេស កំពុងរៀបចំនីតិវិធី ដកសមាជិកភាពរបស់ខ្លួនពីសហភាពអឺរ៉ុប ប្រទេសសមាជិកអឺរ៉ុប ដទៃទៀត បានប្រជែងគ្នារួចហើយ ដើម្បី ទទួលយកផលប្រយោជន៍ ដោយសារតែការដើរចេញរបស់អង់គ្លេសនេះ។ អង់គ្លេស ដែលបានសម្រេចចិត្តដកខ្លួនចេញពីសហភាពអឺរ៉ុប បានត្រឹមតែឈរមើលប្រទេស ផ្សេងទៀត ដណ្តើមហែកចែកគ្នា នូវចំណែកដែលអង់គ្លេសអាចលែងមានសិទ្ធិគ្រប់ គ្រងតទៅទៀត។
អង់គ្លេស លែងនៅក្នុងសហភាពអឺរ៉ុប។ ដូច្នេះ ស្ថាប័នអឺរ៉ុបក៏គ្មានហេតុផលអ្វីដែលត្រូវនៅបន្តវត្តមានរបស់ខ្លួនក្នុងទឹកដីអង់គ្លេសដែរ។ គឺដោយសារតែការដើរចេញ របស់អង់គ្លេសនេះឯង ដែលទីភ្នាក់ងារ សំខាន់ៗពីររបស់អឺរ៉ុប បានសម្រេចរើទី តាំងរបស់ខ្លួន ចេញពីទីក្រុងឡុង។ ទីភ្នាក់ ងារ គ្រប់គ្រងធនាគារអឺរ៉ុប ហើយនិងទី ភ្នាក់ងារគ្រប់គ្រងឱសថអឺរុប នឹងរើទីស្នាក់ការរបស់ខ្លួនចេញពីក្រុងឡុង ប៉ុន្តែនឹងទៅ តាំងទីនៅកន្លែងណា នៅប្រទេសណា?
មានទីស្នាក់ការរបស់ស្ថាប័នអឺរ៉ុប នៅ ក្នុងទឹកដីរបស់ខ្លួន គឺជាមោទនភាពជាតិ និងជាប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់សម្រាប់សមាជិកនីមួយៗក្នុងសហភាពអឺរ៉ុប។ គឺហេតុផលនេះហើយដែលធ្វើឲ្យសមាជិក អឺរ៉ុប ទាំង២៧ គ្មានអង់គ្លេស ខំប្រឹងប្រជែង គ្នា ដើម្បីធ្វើយ៉ាងណា បានស្ថាប័នរបស់ អឺរ៉ុបមកតាំងទីស្នាក់ការ នៅក្នុងប្រទេស របស់ខ្លួន។ តាំងពីការប្រកាសដាក់ពាក្យ នៅខែកញ្ញារបស់ គណៈកម្មការអឺរ៉ុប ទីក្រុងចំនួន ១៧ របស់ប្រទេសសមា ជិកអឺរ៉ុប បានដាក់បេក្ខភាពសម្រាប់ទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប នៅក្នុងពេលដែល ទីក្រុង៨ ដូចជាប៉ារីស ហ្រ្វង់ហ្វ័រ របស់ អាល្លឺម៉ង់ ក្រុងវីយ៉ែន ឬលុច្សហ្សំបួរជាដើម បានប្រជែងចង់បានទីភ្នាក់ងារគ្រប់គ្រង ធនាគារអឺរ៉ុប។
នៅក្រោយការបោះឆ្នោត សម្ងាត់ យ៉ាងស្វិតស្វាញ ដល់ទៅ ៣ជុំរបស់រដ្ឋ មន្រ្តីការបរទេស អឺរ៉ុបរបស់ប្រទេសស មាជិក មានតែក្រុងពីរប៉ុណ្ណោះ ដែលមាន សំណាងបានទទួលកេរ ចំណែកពីក្រុង ឡុង។ ប៉ារីសត្រូវបានជ្រើសរើសឲ្យទទួលទីភ្នាក់ងារគ្រប់គ្រងធនាគារ EBA ចំណែកទីភ្នាក់ងារគ្រប់គ្រងឱសថរបស់អឺរ៉ុបនឹងរើទីស្នាក់ការរបស់ខ្លួន ចេញពីក្រុងឡុង ទៅនៅទីក្រុងអាំស្ទែរដាមរបស់ប្រទេស ហុល្លង់។ អាំស្ទែរដាមឈ្នះច្រើនជាងគេ ព្រោះថា ទីភ្នាក់ងារគ្រប់គ្រងឱសថ មាន បុគ្គលិកបម្រើការ ដល់ទៅជាង ៩០០ នាក់។ ទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប ដើរតួសំខាន់ណាស់ ក្នុងការគ្រប់គ្រងនិង ផ្តល់សិទ្ធិចែកចាយ ការប្រើប្រាស់ឱសថ ក្នុងទីផ្សារអឺរ៉ុប ដែលមានអ្នកប្រើប្រាស់ ជាង ៥០០លាននាក់។
ទីក្រុងប៉ារីសវិញ មានសំណាងមិនចាញ់អាំស្ទែរដាមនោះទេ។ នៅថ្ងៃម្សិលមិញ ប្រធានាធិបតីបារាំង លោកអេរម៉ានុយ អែល ម៉ាក្រុង បានបង្ហោះសារអបអរដំណឹងដែលក្រុងប៉ារីស ត្រូវបានជ្រើសរើសសម្រាប់ទីស្នាក់ការរបស់ទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប។ ទីភ្នាក់ងារមួយ នេះ ដែលត្រូវ បានបង្កើតឡើងនៅឆ្នាំ ២០១១ និងមាន បុគ្គលិក ១៧៥នាក់ ដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ រៀបចំ បទវិន័យ សម្រាប់គ្រប់គ្រងធនាគារនៅក្នុងរង្វង់ដែនសហភាពអឺរ៉ុប។ ចំណុចខ្លាំងរបស់ស្ថាប័នមួយ រហូត បានការទទួលស្គាល់ ថ្នាក់អន្តរជាតិ គឺការ វាយតម្លៃ ធ្វើតេស្តសមត្ថភាពរបស់ធនាគារ ដែលអាចតស៊ូ ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ប្រធានាធិបតីបារាំង ការជ្រើសរើសទីក្រុងប៉ារីសឲ្យទទួលយកទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប បានបញ្ជាក់ពីជំនឿទុក ចិត្តរបស់សហភាពអឺរ៉ុប មកលើបារាំង។
បារាំង និងហុល្លង់ មុខរីក ប៉ុន្តែ មាន ក្រុងជាច្រើន ទៀត ដែលមិនសប្បាយចិត្ត។ មីឡង់ របស់អុីតាលីជាដើម ប៉ងចង់បាន ផងដែរ ទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប។ ដើម្បីជៀសវាងជម្លោះ បណ្តាលមកពីចែក ចំណែកមិនស្មើគ្នា គេបានលើកឡើងថា សមាជិករបស់អឺរ៉ុបដែលជាអ្នកឈ្នះ ប៉ុន្តែ គឺអង់គ្លេសទេ ដែលចាញ់ បាត់ប្រយោជន៍ ក្នុងរឿងនេះ។
ក្រៅតែពីទីភ្នាក់ងារអឺរ៉ុបដែលនឹងរើទីស្នាក់ការ ចេញពីក្រុងឡុង ដោយសារការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ធនាគារ និងក្រុមហ៊ុនធ្វើមុខជំនួញជាច្រើនទៀត ក៏គ្រោងនឹងរើកញ្ជើរបស់ខ្លួនចេញពីទីក្រុងឡុងដែរ ព្រោះថា ក្រុងឡុងដែល លែងជាទឹកដីរបស់សហភាពអឺរ៉ុប នឹង លែងផ្តល់ប្រយោជន៍ អនុគ្រោះពន្ធ ឬ ទីផ្សារដូចមុនទៀតហើយ៕ ម៉ែវ សាធី