ភ្នំពេញ៖ ទើបនឹងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីជនជាតិថៃ មិនបានប៉ុន្មានផង ពេលនេះមានការលេចចេញថា ចំណងស្នេហ៍ឆ្លងប្រទេសមួយនេះ ត្រូវបានគេទម្លាយថា មានការប្រែប្រួល និងជួបភាពរកាំរកូសមូយចំនួន រហូតនាងពន្យារពេលចេញទៅរស់នៅជាមួយស្វាមីវិញ។
គេចាំបានថា តារាសម្តែង និងពិធីការិនីថន តារា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងពិធីមង្គលការដ៏អធឹកសន្ធឹក ជាមួយនឹងមន្ត្រីក្នុងជួររដ្ឋាភិបាល និងជាអ្នកជំនួញជនជាតិថៃលោកណាវៈរ៉ាត់ យូបំារ៉ុងវ័យ៥២ឆ្នាំកាលពីថ្ងៃទី២៦មិថុនាឆ្នាំ២០១៦។ក្រោយរៀបការភ្លាមនាងបានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃភ្លែតជាមួយនាងការលើកមុខមាត់ខ្លាំងពីស្វាមីនៅទីនោះ។ ប៉ុន្តែពេលនេះគឺប្រែប្រួលលែងដូចមុន តែមានភាពរកាំរកូសខ្លះនៅក្នុងគ្រួសាររហូតថន តារាពន្យារពេលចេញទៅរស់នៅប្រទេសថៃជាមួយស្វាមីដូចគ្រាមុន។
ប្រភពពីអ្នកសិល្បៈបានលើកឡើងថា ថន តារាបានពន្យារពេលចេញទៅរួមរស់ជាមួយស្វាមីប្រមាណជាង៣ខែមកហើយគឺនាងនៅតែរស់នៅភ្នំពេញជាមួយម្តាយនិងប្អូនស្រីដដែល។ មានការលើកឡើងដែរថា ឆ្លងឆ្នាំថ្មីឆ្នាំសាកលនេះគេឃើញថន តារាចេញទៅដើរលេងកម្សាន្តនៅលើទឹកដីនៃប្រទេសថៃដោយមិនបានជួបមុខស្វាមីនោះដែរ។ មិនមានការបញ្ជាក់ច្បាស់លាស់នោះទេថា តើមូលហេតុពិតប្រាកដនៅពីក្រោយការប្រែប្រួសស្នេហាដ៏ផ្អែមល្ហែមនេះ បណ្តាលមកពីរឿងអ្វីឲ្យពិតប្រាកដនោះដែរ។ ថន តារានៅតែបន្តចេញមុខទៅចូលរួមកម្មវិធីអ្នកសិល្បៈដដែលដើម្បីបន្លប់ទុក្ខកង្វល់។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកនាង ថន តារាបាននៅឡើយទេ ប៉ុន្តែគ្រាជួបមុខកាលពីចុងឆ្នាំមុននេះ នាងលើកឡើងថា ស្នេហានាងនៅតែមិនមានការប្រែប្រួល ហើយនាងនឹងវិលទៅជួបមុខស្វាមីចុងឆ្នាំ២០១៧៕ វឌ្ឍនា