សារព័ត៌មាន Sputnikបានផ្សាយថា ចិននឹងបន្តសាងសង់ទីតាំងទាហានជើងទឹក ទី២នៅក្នុងទឹកដីប៉ាគីស្ថាន។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលប៉ាគីស្ថាន កាន់តែឃ្លាតឆ្ងាយពីអាមេរិក ដោយ វិវាទ ផ្សេងៗក្នុងនោះមានការចោទប្រកាន់ពីសំណាក់លោកត្រាំថា ប៉ាគីស្ថានគាំទ្រ ក្រុមភេរវកម្ម ដោយផ្តល់ទីជម្រកដល់ ក្រុមនោះ ហើយផ្តាច់ជំនួយជាង៣០០លានដុល្លារដល់ប៉ាគីស្ថានទៀតផង។
ការសាងសង់ទីតាំងទាហានជើងទឹកទីពីររបស់ចិនបានជួយឲ្យ កម្លាំងទាហាន ជើងទឹកចិនកាន់តែខ្លាំង ។ កាលពីខែ កក្កដាឆ្នាំ២០១៧ ចិនទើបតែសម្ពោធ ទីតាំងទាហានជើងទឹកដំបូងគេបង្អស់ នៅតំបន់ Djibouti។ ទីតាំងទាហានជើង ទឹកថ្មីនេះត្រូវបានសាងសង់ឡើងក្នុងតំបន់យុទ្ធសាស្ត្រ ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។
លោក Zhou Chenming អ្នកឯកទេស វិភាគនយោបាយចិនបានឲ្យដឹងថា «ចិន ត្រូវការយ៉ាងខ្លាំង នូវទីតាំងយោធាស្ថិតនៅ តំបន់ Gwadar ប្រទេសប៉ាគីស្ថានដើម្បី ជួយដល់កម្លាំងនាវាចម្បាំង ហើយនៅ តំបន់នោះមានកំពុងផែស៊ីវិល»។ តំបន់ Gwada ស្ថិតនៅជិតព្រំដែន ប៉ាគីស្ថាន និងអីុរ៉ង់ មានចម្ងាយប្រមាណ ៨០គីឡូ ម៉ែត្រ ។
ចិននិងប៉ាគីស្ថាន បានបង្កើនទំនាក់ទំនងដើម្បីផលប្រយោជន៍នៅលើដែនសមុទ្រ ។ ទីតាំងទាហានជើងទឹក Gwadar នឹងត្រូវ បានប្រើប្រាស់ដើម្បីប្រទេសទាំង២យាមល្បាតរួមនៅមហាសមុទ្រឥណ្ឌា ។
ទំនាក់ទំនងរវាងចិននឹងប៉ាគីស្ថានកាន់តែប្រសើរឡើងក្រោយពេលដែល ប៉ាគីស្ថាននិងអាមេរិកប្រឈមមុខតានតឹងដាក់គ្នាលើបញ្ហាជាច្រើន ដោយអាមេរិក បង្ហាញ ការខកចិត្តចំពោះប៉ាគីស្ថាន ហើយបាន ប្រកាសផ្តាច់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសនេះ៕ ម៉ែវ សាធី