ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរថ្ងៃខួបលើកទី ៣៩ នៃទិវាជ័យជម្នះ ៧មករា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឍមណ្ឌលកោះពេជ្រ។ ពិធីនេះ មានការចូលរួម សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃគណបក្សប្រជាជន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺននាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

ក្រោយពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេលនោះ គឺបានផ្តល់ឱកាសពេញលេញដល់កម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសមានការចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព កម្ពុជាសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ សមិទ្ធផលជាតិជាច្រើនត្រូវកើតឡើងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្នកម្ពុជាបានរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៨នេះ កម្ពុជាកំពុងដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការផ្តល់សេវាថែទាំសេវាសុខភាពសាធារណៈជូនដល់មន្ត្រីរាជការ កម្មករ កម្មការនី និងផែនការអភិវឌ្ឍជាច្រើនទៀត។

កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិអោយបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។

នៅឱកាសនោះផងដែ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំនៃគណៈបក្សប្រជាជនកម្ពុជាបានអញ្ជើញទទួលបាច់ផ្កាពីភ្ញៀវជាតិ អន្តរជាតិ និងបណ្តាក្រសួងនានា ព្រមទាំងបានអញ្ជើញព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៣៩នេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖