ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធរំលោភសេពសន្ថវៈ នៅចំណុចភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា នៅវេលាម៉ោង២៣ និង៥០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពចូលទៅផ្ទះរបស់ជនរងគ្រោះ ហើយចាប់ច្របាច់ ក ឲ្យជនរងគ្រោះសន្លប់ រួចរំលោភរហូតបានសម្រេច ទៅលើជនរងគ្រោះឈ្មោះ ន ស ភ អាយុ៣១ឆ្នាំ (ជាស្ត្រីមេម៉ាយ) ខណៈពេលស្ត្រីជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន ។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានរត់គេចខ្លួន លុះដល់ស្ត្រីរងគ្រោះដឹងខ្លួនឡើង ក៏បានរាយការណ៍មកសមត្ថកិច្ច នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ភ្នំដា