ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងកំពុងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនក្មេងទំនើងបង្ក ដែលបានប្រើប្រាស់ដាវសាំម៉ូរ៉ៃ និងចបជីក វាយកាប់ចាក់គ្នាជាមួយនិងក្មេងទំនើងមួយក្រុមទៀតបណ្តាលឲ្យស្លាប់និងរងរបួស៣នាក់។
បើយោងតាមអធិការនគរបាលស្រុកមោងប្ញស្សី លោកសោ គឹមឡុងប្រាប់ឲ្យដឹងថា កាលពីឡវេលាម៉ោង ៨ និង ១៥ នាទីយប់ ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានអំពើឃាតកម្មមួយកើតឡើងរវាងយុវជនចំនួនពីរក្រុមវាយកាប់ចាក់គ្នានៅលើផ្លូវសាធារណៈ ខណៈដែលយុវជនទាំង២ក្រុមនោះបានជិះម៉ូតូជួបគ្នាកណ្តាលផ្លូវ មូលហេតុដោយសារពួកគេមើលមុខឌឺដងដាក់គ្នាទៅវិញទៅមក។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺក្រុមយុវជនដែលរងគ្រោះមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងពួកគេធ្វើកម្មករទើបមកពីប្រទេសថៃ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយនៅផ្ទះមិត្តភក្តិ រហូតដល់ស្រវឹងជោកជាំ។បន្ទាប់មកពួកគេក៏ជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ីក្នុងគោលបំណងមកផ្ទះវិញរៀងៗខ្លួន។
លោកអធិការបានបន្តឲ្យដឹងទៀតថា ខណៈដែលក្រុមក្មេងរងគ្រោះបានជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែបានជួបនឹងយុវជនមួយក្រុមទៀត ដែលប៉ាន់ប្រមាណពួកវាមានគ្នា៥ទៅ៦នាក់ ដោយក្រុមក្មេងទំនើងទាំង២ក្រុមពួកគេមិនស្គាល់គ្នាទេ បានបង្កប៉ះទង្គិចសម្តីគ្នាទើបធ្វើអោយភាគីរងគ្រោះឈប់ម៉ូតូស្របពេលនោះដែរ ភាគីបង្កក៏បានទាញដាវសាំម៉ូរ៉ៃនិងចបជីកដេញវ៉ៃ និងកាប់ទៅលើក្រុមយុវជនរងគ្រោះបណ្តាលឲ្យស្លាប់១នាក់ និងរងរបួស២នាក់។ក្រោយមកក្រុមក្មេងទំនើងជាជនបង្កក៏បាននាំគ្នាគេចខ្លួបាត់អស់បន្សល់តែវត្ថុតាងចបជីកមួយ និងម៉ូតូរបស់ក្រុមអ្នកបង្កនិងអ្នករងគ្រោះចំនួន២គ្រឿងនៅកន្លែងកើតហេតុ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅទីនោះហើយក៏បានដឹកជនរងគ្រោះ២នាក់ទៅកាន់មន្ទីរពេទ្យ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ណែម ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ចំណែកពីរនាក់ទៀត ដែលរងរបួសមាន ឈ្មោះ ទឿប ភន ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី និង ឈ្មោះ មឿតរឿ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធិ១ ឃុំគារស្រុកមោងឫស្សី។
ពាក់ព័ន្ធនិងអំពើឃាតកម្មខាងលើសេចក្តីរាយការណ៍ឲ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ជនបង្កមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយនោះទេ៕សំ វិច្ឆិកា