ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ផ្ទេរតំណែងម្ចាស់ផ្ទះ និងសហប្រធាននៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងទៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញបើកបើកកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡាន ឆាង (Mekong-Lancang) លើកទី ២ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែង ម្ចាស់ផ្ទះ និងសហប្រធាននៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សំរាប់ឆ្នាំបន្ទាប់(២០២០) ដែលប្រទេសឡាវជាអ្នកទទួលធ្វើបន្ត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយសណាស់ ដែលបានទទួលធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (Mekong-Lancang) លើកទី២ ថ្ងៃនេះ ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី គឺឈាំង ។ ក្នុងអំឡុងពេលនៃការកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់មួយនេះ គឺការលំបាកជាងគេគឺនៅពេលចាប់ផ្ដើម។ ប៉ុន្តែយើងមិនដែលមានអារម្មណ៍ថាយើងធ្វើកិច្ចការនេះតែម្នាក់ឯងនោះឡើយ យើងតែងតែទទួលបាននូវការឧបត្ថម្ភគាំទ្រ និងភាពជាដៃគូឥតងាករេ ពីប្រទេសសហប្រធាន ពោលគឺសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងការចូលរួមចំណែកយ៉ាងសកម្មពីសមាជិកប្រទេសទន្លេមេគង្គ-ឡានឆាងទាំងអស់។

ជោគជ័យនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងលើកទី២ នេះ មិនមែនជាជោគជ័យរបស់កម្ពុជាតែម្នាក់ឯងនោះទេ វាគឺជាជោគជ័យរួមរបស់បណ្ដាប្រទេសមេគង្គ-ឡានឆាង ក៏ដូចជាជោគជ័យនៃយន្តការនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងទាំងមូល។ សម្តេចតេជោ បានសំដែងនូវសេក្ដីរីករាយក្នុងការប្រគល់តួនាទី និងភារកិច្ច “សហប្រធាន” ជូន ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រីឡាវ ។ ក្នុងនាមជាប្រទេសនៅតាមដងទន្លេមេគង្គយើងបានសម្រេច ប្រើច្រវាទូកជានិមិត្តរូបនៃសហប្រធាន នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ។

គ្រប់ប្រទេសនិងប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ សុទ្ធតែប្រើប្រាស់ ច្រវានេះដូចៗគ្នា , ច្រវាគឺជានិមិត្តរូបនៃការប្ដេជ្ញាចិត្ត របស់យើងដើម្បីធ្វើដំណើរឆ្ពោះទៅមុខ តាមបណ្ដោយដងទន្លេមេគង្គ។ ច្រវានេះដើម្បីអុំទូកកិច្ចប្រតិ បត្តិ​ការមេគង្គ-ឡានឆាង ហើយមានដំណើរទៅមុខ កាន់តែលឿនខ្លាំងឡើង ថែមទៀត ។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រគល់ច្រវ៉ាទូក ជូនទៅ ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រីឡាវ ដើម្បីបន្តវេនរៀបចំកិច្ចប្រជុំនេះនៅឆ្នាំ ២០២០។ ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រីឡាវ បានប្តេជ្ញាចិត្ត និងគាំទ្រចំពោះកិច្ចប្រជុំនេះ និងយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២០ ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖