ខេត្តកំពង់ធំ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមការបង្គាប់បញ្ជារបស់លោក អ៊ិត សុធា ព្រះរាអាជ្ញាអបសាលាដំបូងខេត្តកំពង់ធំ ចុះចាប់ឈ្មួញឈើគ្រញូងជើងខ្លាំងម្នាក់ ដែលធ្វើសកម្មភាពបោកគ្រាប់បែកចូលផ្ទះព្រះរាជអាជ្ញាខេត្តកំពង់ធំ កាលពី៣ឆ្នាំមុននោះត្រូវ អស់ល័ក្ខណ៍ជាប់អន្ទាក់របស់សមត្ថកិច្ចហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នៅចំណុចច្រកអានសេះ ព្រំប្រទល់កម្ពុជា ថៃ ក្នុងខេត្តព្រះវិហារ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន៣ករណី ។
ព្រះរាជអាជ្ញាបានចេញដីកា តាមចាប់ខ្លួន ចំនួន២ គឺ ដីកាទី១ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ របស់លោក ហេង ចន្ទស៊ីបូរិន ចៅក្រមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ឈ្មោះ សន ប៉ុន ត្រូវបានតុលារការខេត្តកំពង់ធំផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទដឹកជញ្ជូន និងប្រមូលផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ដីកាទី២ ដីកាបង្គាប់ឲ្យចាប់ខ្លួនមួយទៀត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ របស់លោក សេង ប៊ុណ្ណា ចៅក្រមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ជននេះត្រូវតុលាការផ្តន្ទាទោសពីបទប៉ុកប៉ងឃាតកម្មប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស និងពីបទប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាតិ។
ចំណែក ករណីទី៣នេះ គឺ បោកគ្រាប់បែកចូលផ្ទះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង មិនទាន់ដាក់ចូលក្នុងដីកានៅឡើយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ឈ្មួញឈើគ្រញូងម្នាក់នេះឈ្មោះ សន ប៉ុន ហៅ សន ប៉ន អាយុ៣៥ឆ្នាំ មន្ត្រីយោធា ដែលសកម្មបំផុតក្នុងសកម្មភាពដឹកគ្រញូងទៅលក់ឲ្យឈ្មួញវៀតណាម ហើយក៏ជាជើងខ្លាំង ដ៏ល្បីល្បាញដែល សមត្ថកិច្ចតាមប្រម៉ាញជាង៣ឆ្នាំហើយ ទើបតែចាប់បាន ហើយជនសង្ស័យម្នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើស ៣ករណី ទី ១ ពេលសមត្ថកិច្ចចុះបង្រ្កាប់ បែរជាទាញកាំភ្លើងបាញសមត្ថកិច្ច ទី២ ករណីបោកគ្រាប់បែកចូលផ្ទះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ទី៣ ពីបទដឹកជញ្ជូន និងប្រមូលផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត បទល្មើសដែលប្រព្រឹត្តរហូតមកដល់ពេលនេះគឺដោយ សារ ជនល្មើសជាមិត្តភ័ក្ភជាមួយ សមត្ថកិច្ចនៅខេត្តកំពង់ធំ ទើបយើងមិនអាចចាប់បាន តែចំពោះអ្នកប្រព្រឹត្តបទល្មើសដឹកឈើគ្រញូងនៅខេត្តកំពង់ធំ គង់តែចាប់បាន គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ៕ ប៊ុន រិទ្ធី