ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតនៅក្នុងកិច្ចប្រជុំមួយដែលមានអង្គភាពសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ចូលរួមដើម្បីតៀមអនុវត្តបញ្ហាចំនួន៤ចំណុច ដែលបានធ្វើសេចក្តីជូនដំណឹងរួចហើយៗនឹងអនុវត្តចាប់ថ្ងៃទី១៥ ខែមករា នេះតទៅ។
សេចក្តីរាយការណ៍បញ្ជាក់ថា បញ្ហាទាំង៤ចំណុចនោះរួមមាន៖
១. ចំពោះរថយន្តដឹកជញ្ជូន រថយន្តក្រុង តាក់ស៊ី ត្រូវឈប់ចតដាក់ភ្ញៀវតាមផ្លូវ ត្រូវទម្លាក់ ឬដឹកភ្ញៀវក្នុងចំណត ឬផែស្ងួត ប្រសិនបើនៅតែមិនអនុវត្តតាម នឹងយករថយន្តទៅស្ទូច រក្សាទុកនៅអធិការនគរបាលក្រុង និងត្រូវពិន័យជាថវិកា ។
២. អ្នកលក់ហ្គាសធុង និងបញ្ចូលហ្គាស ត្រូវប្តូរទីតាំងលក់ក្នុងក្រុង ឲ្យនៅក្រៅក្រុង មិនអនុញ្ញាតឲ្យបន្តលក់ក្នុងទីប្រជុំជនទៀតឡើយ ។
៣. អ្នករត់ម៉ូតូឌុបមិនអនុញ្ញាតឲ្យយកភ្ញៀវតាមដងផ្លូវ ចាប់ពីរង្វង់មូលដល់គល់ស្ពានព្រំដែន មិត្តកម្ពុជា ថៃ ដោយអនុញ្ញាតឲ្យឈប់ដឹកភ្ញៀវផ្នែកខាងជើងផ្លូវរថភ្លើង ។
៤. ត្រូវបញ្ឈប់ព្រលែងសត្វពាហនៈ ឲ្យដើរយ៉ាងអនាធិបតេយ្យនៅតាមផ្លូវជាតិ ឬផ្លូវបេតុងក៏ដូចជាផ្លូវលំក្នុងក្រុងប៉ោយប៉ែត នាំឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ ។
ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕ វណ្ណា