ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកចេញមុខដោះស្រាយ​ ករណីគ្រោះថ្នាក់ចរាចរស្លាប់បីនាក់នៅក្រុងតាខ្មៅ​

ចែករំលែក៖

ខេត្តកណ្តាល៖ទោះបីជនបង្កនៅពុំទាន់ចាប់ខ្លួនក៏ដោយ​ តែនៅពេលនេះមានអ្នកចេញមុខដើម្បីដោះស្រាយបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យយុវជនបីនាក់ស្លាប់នៅក្រុងតាខ្មៅ។

ប៉ូលិសខេត្តកណ្តាល​ និយាយនៅថ្ងៃទី១៣​ ខែមករា​ ថា​ មានអ្នកតំណាងម្នាក់មកប្រាប់សមត្ថកិច្ចថា​ បានដោះស្រាយសំណងជាមួយគ្រួសារជនរងគ្រោះពីរគ្រួសាររួចហើយ​ នៅសល់មួយគ្រួសារទៀត​ ។ ពេលដោះស្រាយសំណងរួចរាល់ទាំងអស់ហើយ​ អ្នកតំណាងរូបនេះនឹងចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ច​ ។

អ្នកច្បាប់និយាយថា​ សំណងរដ្ឋប្បវេណីមិនអាចរំលត់បណ្តឹងអាជ្ញាបានទេ​ ។ ដូច្នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ជាម្ចាស់បណ្តឹងអាជ្ញា​ គប្បី​ចាត់​ការសំណុំរឿងនេះដោយតម្លាភាព​ ព្រោះជីវិតមនុស្សបីនាក់​ បានស្លាប់យ៉ាងអាណោធអាធ័ម​ ហើយជនបង្កគ្មានការទទួលខុសត្រូវឡើយ​ ពោលគឺបានរត់គេចខ្លួនពីកន្លែងកើតហេតុ​ ។ នេះដោយសារបន្សល់ទុករថយន្តបង្កនៅកន្លែង​ កើតហេតុប្រសិនបើគ្មានរថយន្តនេះ​ ក៏គ្មានតម្រុយណាមួយស្រាវជ្រាវរកជនបង្កឡើយ។

ថ្មីៗនេះនគរបាលខេត្តកណ្តាល​ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ​ ចុះទៅទីស្នាក់ការភូមិទ្រាទី១​ ដើម្បីឆែករកឈ្មោះ​ សោម​ រតនៈ​ ដែលកម្លាំងបានរកឃើញតាមប្រព័ន្ធគ្រប់គ្រងយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន​ ។ ប៉ុន្តែមិនមានឈ្មោះនេះ​ ក្នុងមូលដ្ឋាននោះទេ​ ។

ប៉ូលិសដដែល​ អះអាងថា​ សមត្ថកិច្ចនឹងចាត់បញ្ជូនមន្ត្រីជំនាញទៅសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​ ដើម្បីស្រាវជ្រាវរក​អាសយដ្ឋាន​របស់ឈ្មោះ​ សោម​ រតនៈ​ ។

ប៉ូលិសនិយាយថា​ ឈ្មោះ​ សោម​ រតនៈ​ ប្រឈមបទល្មើស​ រត់គេចពីការទទួលខុសត្រូវ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ថា យុវជនបីនាក់ បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃសុក្រ ទី០៥​ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ​​។

មុនពេលកើតហេតុ មានរថយន្តស៊េរី​ទំនើបមួហគ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូមួយគ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅលាយស អត់ផ្លាក​លេខ ។ ប៉ុន្តែមិនផុតក៏ជ្រុលបុក​ម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនបីនាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀត បានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន​តាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន៕ ចេស្តា


ចែករំលែក៖