ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់ខោអាវទាញដំបងវាយប្រជាការពារសាលាខណ្ឌមានជ័យពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខសណ្តាប់ ធ្នាប់របស់សាលាខណ្ឌមានជ័យម្នាក់ត្រូវបានអ្នកលក់ខោអាវវាយនឹងដំបងឫស្សី ខណៈកំពុងចុះរៀបចំសណ្តាប់ធ្នាប់តាម ដងផ្លូវសាធារណៈបណ្តាលឲ្យរងរបួសស្រាលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឡេង ច័ន្ទភ័ក្រ្តា ប្រធានសន្តិសុខ សាលាខណ្ឌមានជ័យបានប្រាប់ថា មុនពេល កើតហេតុក្រុមសន្តិសុខសាលាខណ្ឌមានជ័យបានចុះមករៀបចំសណ្តាប់ធ្នាប់តាមផ្លូវ សាធារណៈក្នុងមូលដ្ឋានដែលមានបទ បញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងមាន បញ្ជាដឹកនាំបន្តពីលោក ឡុង ង៉ែត អភិបាល រងទទួលបន្ទុកការងារសន្តិសុខសណ្តាប់ធ្នាប់។ ពេលដែលចុះរៀបចំសណ្ដាប់ធ្នាប់ដល់កន្លែងកើតហេតុកម្លាំងសណ្តាប់ធ្នាប់ (ប្រជាការពារ)បានចុះណែនាំឲ្យអ្នកលក់ ខោអាវខាងលើឲ្យរើចូលក្នុងកុំលក់លើ ចិញ្ចើមថ្នល់បែបហ្នឹង តែដោយសារអ្នកលក់ ខោអាវកំពុងមួម៉ៅរឿងលក់មិនទាន់ដាច់ ផងក៏ទាញដំបងឫស្សីដែលដោតចូល ទុយយោជ័រវាយទៅលើបុរសសន្តិសុខ ម្នាក់រហូតបាក់ដំបងឫស្សី ហើយបម្រុងរត់ តែត្រូវបានក្រុមសន្តិសុខដេញចាប់បានរួចដឹកយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ចាត់ការបន្ត ។

ប្រធានសន្តិសុខបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ជ្រី រ៉ាវី អាយុ២៧ឆ្នាំ មុខរបរសន្តិសុខសាលាខណ្ឌមានជ័យ ស្នាក់ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនបង្កឈ្មោះអុន សុភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយពេលក្រុមសន្តិសុខបានដឹកយកមកប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដោយមានការសម្របសម្រួលពីលោក ឯម ភាមរី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ជនបង្កបានសុំទោសនិងសងថ្លៃព្យាបាលដល់ជនរងគ្រោះដើម្បីបញ្ចប់រឿងរួចហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលខណ្ឌមាន ជ័យបានដាក់កំណត់ត្រឹមដើមខែមករា ឆ្នាំ ២០១៨នេះដើម្បីឲ្យបងប្អូនអាជីវករទាំង អស់រុះរើដោយខ្លួនឯងបើមិនអនុវត្តតាមការណែនាំនោះទេរដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះកាត់ផ្ទាល់ដោយខ្លួនឯងតែម្តងដោយមិនទទួលខុសត្រូវរបស់របរ ដែលខូចខាតនោះទេ។ ដើម្បីរក្សាសណ្តាប់ ធ្នាប់ អនាម័យ បរិស្ថាន និងសោភណភាព ទីក្រុងឲ្យបានល្អលោក ពេជ្រ កែវមុនី អភិ បាលខណ្ឌមានជ័យបានណែនាំនិងចង្អុលបង្ហាញជាថ្មីឲ្យលោក ឡុង ង៉ែត សហការ ជាមួយសង្កាត់ដែលពាក់ព័ន្ធចុះធ្វើសណ្តាប់ធ្នាប់ និងបានជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅជាប់ដងផ្លូវឲ្យបញ្ឈប់ការជួលទីធ្លាមុខផ្ទះឲ្យគេដាក់លក់អីវ៉ាន់តាម ចិញ្ចើមផ្លូវដោយត្រូវរក្សាចិញ្ចើមថ្នល់ទុកសម្រាប់អ្នកថ្មើរជើងដើរមិនត្រូវដាក់សម្ភារ ផ្សេងៗ ឬស្លាកយីហោទទឹងទទែងនៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់រួចរាល់ហើយ និងធ្វើកិច្ចសន្យាជាច្រើនដងរួចហើយដែរ ។

ដោយបានទទួលបញ្ជាពីថ្នាក់លើប្រធាន សន្តិសុខសាលាខណ្ឌបានបែងចែកកម្លាំងប្រជាការពារខណ្ឌជា៣ក្រុមដើម្បីអនុវត្ត វិធានការដោយមួយក្រុមសហការដឹកនាំ ដោយលោក ស៊ុ រិទ្ធី អនុប្រធានលទ្ធកម្ម និងលោក ជា ណារិន អនុប្រធានផែនការទទួលបន្ទុកគ្រប់គ្រងប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុក រលួយខណ្ឌមានជ័យ និងជាមន្ត្រីទទួលបន្ទុកចាត់តាំងបុគ្គលិកតំណាងឲ្យលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ព្រមទាំងមានការ ចូលរួមពីលោក ទូច សំអុល ចៅសង្កាត់ ស្ទឹងមានជ័យ២ កម្លាំងមន្ត្រីសង្កាត់លោក សួស សារិន ចៅសង្កាត់បឹងទំពុន១ និង កម្លាំងមន្ត្រីសង្កាត់បន្តចុះរៀបចំសណ្ដាប់ ធ្នាប់កាត់សំយាប កាត់ស្លាកយីហោដែល គ្មានច្បាប់អនុញ្ញាតចេញពីលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវលេខ២៧១ក្នុងមូលដ្ឋានខណ្ឌមានជ័យបានបណ្ដើរៗហើយ ព្រោះប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ ដល់អ្នកដំណើរនៅតាមបណ្ដោយផ្លូវលេខ២៧១នេះ ។

ដោយឡែកកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កម្លាំងសន្តិសុខប្រជាការពារខណ្ឌមានជ័យក្រុម១បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវជាតិលេខ២ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ដល់មុខវត្តចាក់អង្រែលើ ។

កម្លាំងសន្តិសុខប្រជាការពារខណ្ឌមានជ័យ ក្រុម៣បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ៣៧១ ម្ដុំលូប្រាំ និងផ្លូវ វេងស្រេង និងប្រចាំការនៅគោលដៅ ក្រោមស្ពានអាកាសក្បាលថ្នល់ដើម្បីរៀបចំហាមឃាត់មិនឲ្យក្រុមអ្នករត់តាក់ស៊ី និង រថយន្តឈ្នួលមកចតរង់ចាំដាក់ម៉ូយអនាធិប តេយ្យបន្តទៀតឡើយ ។

អាជ្ញាធរខណ្ឌមានជ័យក៏សូមសំណូមពរដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរក្សាចិញ្ចើមផ្លូវឲ្យបានគឺរក្សាសុវត្ថិភាពជូនអ្នកថ្មើរជើងមិនត្រូវដាក់សម្ភារផ្សេងៗនៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់ឡើយ និងសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋយើងដែលមានមុខរបររកទទួលទានតាមចិញ្ចើមថ្នល់ ពិសេសអ្នកលក់ដូរទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើងដើម្បីរក្សាសណ្តាប់ធ្នាប់អនាម័យបរិស្ថាន និងសោភណភាពក្នុងរាជធានី ភ្នំពេញយើងទាំងអស់គ្នា ៕ ហេង នរិន្ទ្រ


ចែករំលែក៖