ខេត្តតាកែវ ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅក្រោមកងរថភ្លើង កាលពីវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយជិះម៉ូតូមុជក្រោមបារាសរបាំងឃាំងផ្លូវរថ្លើង ។
ម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL-8385 បើកបរដោយឈ្មោះប៉ាង ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ អូស្វាយចេក សង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។ អ្នក រួមដំណើរឈ្មោះ កែវ រុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យស្លាប់ទាំង២នាក់ ។ សាកសពត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើតាមឲ្យដឹងពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូ១គ្រឿងលឿនដូចហោះ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បុរសទាំង២ក៏ ឱនជ្រមុជក្រោមបារាសហាមឃាត់ឆ្លងកាត់ ពេលរថភ្លើងកំពុងតែរត់ តែឆ្លងមិនផុត ក៏ត្រូវរថភ្លើងបុកអូស ប្រវែងចម្ងាយប្រហែល១គីឡូម៉ែត្រ បណ្តាលឱ្យស្លាប់តែម្តង ៕