ព័ត៌មានទាន់ហេតុការណ៍៖

លូប្រវែងជាង២០គីឡូម៉ែត្រ ត្រូវបានស្ដាររួចរាល់ក្នុងខណ្ឌទាំង៤កណ្តាលក្រុង រយៈពេល១សប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ប្រពន្ធ័លូទាំងតូចទាំងធំក្នុងភូមិសាស្ត្រខណ្ឌទាំង ៤នៅកណ្តាលក្រុងប្រវែងជាង២០គីឡូម៉ែត្រ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខណ្ឌចំនួន ៣ស្តាររួចរាល់ហើយក្នុងរយះពេលមួយសប្តាហ៍ បន្ទាប់ពីបើកយុទ្ធនាការស្តារតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យលទ្ធផល នៃយុទ្ធនាការស្តារលូ និងប្រឡាយក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ បន្ថែមឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរខណ្ឌទាំង៤នៅកណ្តាលក្រុង។

លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងក្រោយចង់កិច្ចប្រជុំថា៖ លោកអភិបាលរាជធានី ភ្នំពេញបានណែនាំដល់ប្រធានមន្ទីរសាធារណការ និងលោកអភិបាលខណ្ឌពាក់ព័ន្ធទាំង៤ត្រូវបន្ថែមក្រុមការងារដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងបានឆាប់រួចរាល់តាមផែនការដែលបានកំណត់ ដោយត្រូវធានាថា លូដែលបានស្តាររួចទឹកត្រូវតែហូរលែងស្ទះ និងមានការទទួលខុសត្រូវលើការងាររបស់ខ្លួនទៅតាមលក្ខណៈបច្ចេកទេស។

លោកអភិបាលរាជធានីក៏បានសំណូមពរឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរាជធានីភ្នំពេញត្រូវតែមានការយោគយល់នឹងចូលរួមធ្វើយ៉ាងណាកុំឲ្យលូស្ទះ,កុំយកសំរាម ឬកាកសំណល់ផ្សេងៗទៅចាក់ចូលលូ ឬបិទមុខលូដែលជាមូលហេតុចំបងបណ្តាលឲ្យស្ទះលូ។

លោកអ្នកនាំពាក្យបន្តថា៖ យោងតាមប្រសាសន៍លោកអភិបាលរាជធានីឆ្លងកាត់ដំណើរការស្តារលូរយះពេល១ សប្តាហ៍មកនេះ គេបានរកឃើញចំណុចអសកម្ម១ចំនួនដូចជា៖លូខ្លះពេញទៅដោយសំរាម,ភក់ល្បប់,ការតភ្ជាប់ប្រពន្ធ័លូរបស់ប្រជាពលរដ្ឋខ្លះមិនបានឆ្លងកាត់បច្ចេកទេស និងកន្លែងខ្លះយកបាវច្រកដី ឬខ្សាច់ទៅបិទមុខលូ ឬចាក់ បេតុងបិទអណ្តូងលូតែម្តង។

ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញយុទ្ធនាការស្តារលូនេះ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញដោយកំណត់ថា៖ប្រពន្ធ័លូប្រវែង៤៦០គីឡូម៉ែត្រក្នុងក្រុងត្រូវតែស្តារឲ្យបានរួចរាល់នៅមុនរដូវវស្សាមកដល់នាពេលខាងមុខ។

សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការស្តារប្រព័ន្ធលូក្នុងខណ្ឌទាំង៤ដោយក្នុងយុទ្ធការនោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានចាប់ផ្ដើមមុនគេតាំងពីថ្ងៃទី៤ ខែមករា ដោយស្ដារប្រព័ន្ធលូមេប្រើរថយន្តបូមស្ដារ និងបូមលាងប្រព័ន្ធលូ និងអណ្ដូងលូ នៅតាមមហាវិធ និងផ្លូវធំៗវែងដែលមានប្រព័ន្ធលូខ្នាធំឬមុខកាត់ធំ។

ចំណែកខណ្ឌទាំង៤ត្រូវអនុវត្តយុទ្ធនាការស្ដារប្រព័ន្ធលូនេះ ចាប់ពីថ្ងៃទី៩ ខែមករា មកដោយទទួលអនុវត្តការស្ដារប្រព័ន្ធលូខ្នាតតូច និងនៅតាមផ្លូវតូចៗ និងផ្លូវខ្លីពេលស្ដារប្រើប្រាស់ឧបកណ៍កៅឡាក់កាយសំរាម និងភក់ចេញ ។ ខណ្ឌចំនួន៣ក្នុងចំណោមខណ្ឌខណ្ឌទាំង៤បានដំណើរការស្ដារជាបន្ត បន្ទាប់ហើយនៅតែខណ្ឌមួយគឺខណ្ឌចំកាមនចាប់ពីថ្ងៃទី៩ មករា ដល់ថ្ងៃទី១៥ មករា មិនទាន់បានអនុវត្តយុទ្ធនាការស្ដារប្រព័ន្ធលូនៅឡើយទេ ៕ សំរិត


ចែករំលែក៖