ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលបុកត្រាក់ទ័ររបួសធ្ងន់ម្នាក់នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសយ៉ាងដំណំ នៅគ្រាដែលបុរសរងបួសរូបនេះត្រូវបានគេអះអាងជិះម៉ូតូមិនប្រកាន់ស្ដាំ ហើយបានជ្រុលបុកត្រាក់ទ័រចំពីមុខពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥.១៤៦ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញអ្នកជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ 2699 ឈ្មោះ លឹម លន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅឆ្ពោះទិសខាងកើត លុះដល់ចំណុចកើតហេតុបានរេជ្រុលរំលោភគំនូសទៅបុកត្រាក់ទ័រ ចំពីមុខពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា(កើតទៅលិច) បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់តែម្ដង។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកអ្នកបើកបរត្រាក់ទ័រឈ្មោះ ជន សារ៉េត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់(មិនរងរបួសទេ)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងរបួសជិះម៉ូតូភ្លាមៗនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែក៖ វត្ថុតាងម៉ូតូ និងត្រាក់ទ័រមន្រ្តីផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖