ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលសម្លាប់ស្រ្ដីម្នាក់ដោយក្រមារិតកឥឡូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ ករណីឃាតកម្មទៅលើស្រ្ដីចំណាស់ម្នាក់ដែលត្រូវឃាតកយកក្រមារិតក.កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី នៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានស្រាវជ្រាវស៊ើបអង្កេតត្រឹមរយៈពេល៦ថ្ងៃ រហូតចាប់ខ្លួនជនសង្ស័យជាឃាតកបានហើយនៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ រីឯស្រ្ដីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឃួន ឃឿន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន៖ ពូថៅចំនួន០១ ,ស្បែកជើងជ័រសង្រែក០១គូរ ,មួកសំយ៉ាបរបស់ស្រីចំនួន០១ ,ក្រម៉ាក្រឡាការ៉ូចំនួន០១ វត្ថុតាងទាំងនេះគឺរបស់ជនរងគ្រោះជារបស់ជនរងគ្រោះ។

ប្រភពដដែលបន្ដថា ដោយធ្វើខិតខំស្រាវជ្រាវនិងយកចិត្ដទុកបំផុត ក្នុងករណីឃាតកម្ម សម្លាប់ស្រ្ដីម្នាក់ដែលក្រមារិតក.កាលពី៦ថ្ងៃមុន ជាលទ្ធផលសមត្ថកិច្ចបានបំបែកសំណុំរឿងធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតក យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនឈានដល់ការសម្លាប់ស្រ្ដីរូបនេះ គឺស្រ្ដីរងគ្រោះបានទៅផ្លាស់គោនៅឯវាលស្រែខាងជើងភូមិ ហើយបានឃើញជនសង្ស័យនិងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ ខណៈដែលឃើញនោះ ស្រ្ដីរងគ្រោះបានស្រែកឡូឡាថាឲ្យ ។ ចំណែកក្មេងៗបានរត់គេចខ្លួនចេញទៅមុនអស់ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ទើបជនសង្ស័យបានដើរសំដៅវាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ រួចអូសជនរងគ្រោះយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០៧នាទី សមត្ថកិច្ចជំនាញនិងស្រុកធ្វើការស៊ើបអង្កេតទមុខទទួលព័ត៌មានថា មានមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូន ស្ថិតនៅឃុំស្វាយជ្រុំ ។ បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរក រីឯជនសង្ស័យបានដឹងខ្លួនមុន រួចរត់គេចពីចំណុចនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ភ្លាមនោះកម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរករហូតចាប់ខ្លួនបាន រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖