ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នានៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសរយះក្បាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តនិងម៉ូតូបុកគ្នានៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសរយះក្បាល ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបែកជាបួន រវាងមហាវិថីអូស៊ីអាយស៊ីនិងវិថីបន្ទាយខ្មែរលើ (ផ្លូវថ្មីក្នុងតំបន់ OCIC) ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើត្រូវបានគេស្គាល់ឈ្មោះ ហុង ចន្ថា អាយុ២៧ឆ្នាំ មុខរបរ ជាងគ្រឿងចក្រ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI 0350។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C 6657។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយវិថីបន្ទាយខ្មែរលើទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាកតូយ៉ូតា កូរ៉ូឡាបើកតាមបណ្តោយមហាវិថីអូស៊ីអាយស៊ីទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវបែកជាបួន ដែលជាកន្លែងកើតហេតុ រថយន្ត និងម៉ូតូបានប៉ះគ្នាធ្វើឲ្យម៉ូតូដួល បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសរយះក្បាល។ រីឯម៉ូតូរងការខូចខាតផ្នែកខាងឆ្វេងចំណែករថយន្តរងការខូចខាតកាងខាងមុខ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានម្ចាស់រថយន្តជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលព្រែកលៀបរង់ចាំភាគីទាំងសងខាងចូលដោះស្រាយជាក្រោយ៕ ជ្រោយពេជ្រ

 


ចែករំលែក៖