ខេត្តស្វាយរៀង៖ លេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា អនុប្រធានមន្ទីរសុខាភិបាល សហការជាមួយនឹងអនុគណៈកម្មាការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ក្រុងបាវិត ដឹកនាំដោយលោក អ៊ុង សា អភិបាលរងក្រុងបាវិត ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា នគរបាល និងកងរាជអាវុធហត្ថ បានចុះបិទគ្លីនិកចិនគ្មានច្បាប់មួយកន្លែង យីហោឈ្មោះ «ថ្នាំប្រទេសចិន» នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងដកហូតអាជ្ញាប័ណ្ណបន្ទប់ថែទាំជំងឺ មួយកន្លែងទៀត ឈ្មោះ «បន្ទប់ពិគ្រោះនិងព្យាបាលជំងឺ សន្តិភាពថ្មី» នៅសង្កាត់បាវិត ក្រុងបាវិត។
ការចុះបិទទីតាំងលក់ឱសថក្លែងក្លាយ និងបន្ទប់ពិគ្រោះជំងឺទាំងពីរកន្លែងខាងលើនេះ ធ្វើឡើងនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ។
អាជ្ញាធរបានឲ្យដឹងថា បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សន្តិភាពថ្មីនេះ អាជ្ញាប័ណ្ណផ្តល់ជូនត្រឹមតែបន្ទប់ថែទាំទេ ប៉ុន្តែម្ចាស់បានលើកស្លាកជាបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ និងផ្តល់សេវាជាមន្ទីរសម្រាកព្យាបាលជំងឺ ដែលផ្ទុយទៅនឹងក្រឹត្យក្រមសុខាភិបាល។
អាជ្ញាធរខេត្តបានឲ្យដឹងទៀតថា ក្រោមការណែនាំរបស់គណ:កម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់ការជួញដូរឱសថក្លែងក្លាយ និងគ្មានច្បាប់អនុញ្ញាត លេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខេត្តស្វាយរៀង បានធ្វើសកម្មភាពចុះពិនិត្យតាមដានជាប្រចាំ ចំពោះសេវាសុខាភិបាលឯកជន ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ៕ យឹមសុថាន