ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះព័ទ្ធចាប់បានវាយបែកឈាម ទើបរត់ទៅហៅនគរបាលវាយខ្នោះយកទៅសួរនាំបន្តនៅប៉ុស្តិ៍ បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងបន្លាលួស ចូលក្នុងផ្ទះវីឡាមួយកន្លែងបម្រុងលួចរបស់មានតម្លៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ អ៉ី វឿន អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរភូមិកើតហេតុ ។
តាមសម្តីអ្នកនៅផ្ទះកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មនុស្សម្នាក្នុងផ្ទះបាន ជួបជុំគ្នាអង្គុយហូបបាយនៅមុខផ្ទះ លុះដល់ម៉ោង កើតហេតុ ក៏ឮសំឡេង ហែកសង្ក័សីនៅខាងក្រោយផ្ទះ ក៏ឲ្យមនុស្សដើរទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងលោតចុះពីរបងចូលមកក្នុងបរិវេណផ្ទះ ។ ភ្លាមនោះក៏ស្រែកថាចោរៗផ្អើលដល់មនុស្សម្នាក្នុងផ្ទះរត់ទៅចាប់បានវាយបែកឈាមពេញមុខ ។
បន្ទាប់ពីកើតហេតុ ខាងម្ចាស់ផ្ទះបានមកហៅសមត្ថកិច្ចប្រាប់ពីដំណើររឿង និងនាំជនរងគ្រោះម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ ជ្រោយពេជ្រ