ភ្នំពេញ៖ ស្ត្រីជាភ្ញៀវម្នាក់ត្រូវបុគ្គលិកហាងខារ៉ាអូខេសែនរីករាយព្រួតគ្នាវាយបែកក្បាល ព្រោះតែខឹងសួរនាំរឿងគិតប្រាក់អស់ច្រើនហួសហេតុដល់ទៅ១១៨ដុល្លារ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅ ក្នុងហាងខារ៉ាអូខេយីហោ សែនរីករាយមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ ។
តាមសម្តីនារីរងគ្រោះឈ្មោះ តារា រ័ត្ន អាយុ២៧ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យបានឲ្យ ដឹងថា នៅមុនពេលកើតហេតុគឺក្នុងអំឡុងម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៨ ពួកគាត់មានគ្នា៦នាក់ មានស្រី២នាក់ និងប្រុស៤នាក់បាននាំគ្នាចូលច្រៀងខារ៉ាអូខេក្នុងហាងសែនរីករាយ និងបានហៅស្រាបៀរកម្ពុជាចំនួន១កេសកន្លះក្នុងតម្លៃ៤០ដុល្លារ Free ម្ហូប៦មុខ។ ពេលកំពុងតែផឹកស៊ីក្នុងបន្ទប់ភ្លើងដំណើរការមិនល្អចេះតែដាច់ក៏បានប្តូរបន្ទប់ ហើយ ពួកគាត់មិនបានដឹងថា ម្ហូប៦មុខទៀត នរណាជាអ្នកហៅមកហូបឡើយ។ រហូត ដល់ពេលគិតលុយស្រាប់តែឃើញអស់ ១១៨ដុល្លារពួកគាត់បានសួរនាំគ្នាថា «ម្ដេច អស់ច្រើនម្លេ៉ះពួកគេផឹកអស់តែ១កេស កន្លះសោះ?»។ ភ្លាមនោះអ្នកគិតលុយ បាននិយាយថា «មានអ្នកហៅមុខម្ហូប៦មុខ ទៀតទើបអស់លុយប៉ុណ្ណឹង»។ បន្ទាប់ពី អ្នកគិតលុយប្រាប់ថា មានអ្នកហៅម្ហូប៦ មុខទៀតពួកគាត់ក៏សួរនាំគ្នាមិនមានអ្នកណាហៅទេ ទើបនារីរងគ្រោះបានចេញពីកន្លែងផឹកដើរទៅរកថៅកែឱ្យជួយដោះស្រាយ រឿងអស់លុយច្រើន ។
ប្រភពដដែលបានបន្តទៀតថា ពេលជួប ម្ចាស់ហាងហើយម្ចាស់ហាងមិនបានជួយសម្របសម្រួលឡើយ។ ភ្លាមៗនោះមានស្ត្រីបុគ្គលិកក្នុងហាងខារ៉ាអូខេខាងលើ បានឡាយវីដេអូនិយាយថា រូបរាងប៉ុណ្ណឹង ដែរមិនមានលុយឲ្យថ្លៃផឹកស៊ី។ បន្ទាប់ពី ដឹងថា បុគ្គលិកនិយាយឌឺដងដូចនេះរូបគាត់ (នារីរងគ្រោះខាងលើបានតបវិញថា «លុយ ខ្ញុំមានមិនក្រោម៣០០ទៅ៤០០ដុល្លារទេ ប៉ុន្តែខ្ញុំផឹកអស់ស្រាបៀរតែ១កេសកន្លះម្តេចអស់ដល់ទៅជាង១០០ដុល្លារដូចជាមិនសម»។ បន្ទាប់ពីនិយាយឆ្លងឆ្លើយគ្នារួច មកនារីបុគ្គលិកខារ៉ាអូខេខាងលើបានវាយទៅលើរូបគាត់ជាភ្ញៀវបណ្ដាលឲ្យរយះមុខ។ ដោយឡែកថៅកែហាងមិនព្រមដោះ ស្រាយឲ្យទៀតទើបជនរងគ្រោះទៅប្ដឹង សមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
ក្រោយពីនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចុះទៅដោះស្រាយដល់កន្លែងកើតហេតុ ស្រាប់តែម្ចាស់ហាងដែលគេស្គាល់ឈ្មោះ យឹម សំណាង បានបិទទ្វារហាងអស់ទៅ ហើយទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
បើតាមប្រជាពលរដ្ឋនៅក្បែរហាងខារ៉ាអូខេខាងលើបានប្រាប់ថា ហាងយីហោ សែនរីករាយនេះតែងតែមានរឿងជាញឹកញាប់មិនសូវដែលលស់ថ្ងៃទេ។ ពេលខ្លះ មានរឿងហិង្សារវាងបុគ្គលិកនឹងភ្ញៀវ ពេលខ្លះមានរឿងមុខម្ហូបដែលភ្ញៀវមិនបានហៅ បុគ្គលិកលើកមក។ ដូច្នេះគួរតែសមត្ថកិច្ចមេត្តាដោះស្រាយបញ្ហាទាំងអស់នេះដូចជា ហៅម្ចាស់ហាងមកព្រមាន ឬបិទហាងខាងលើនេះចោលតែម្តងទៅកុំឲ្យមានរឿងរញ៉េរញ៉ៃដូចនេះទៀត ៕ សុខាសែនជ័យ