ព័ត៌មានទាន់ហេតុការណ៍៖

កូនកំលោះវេចបង្វិចត្រឡប់ទៅផ្ទះ ថែមទាំងទារបណ្តាការ

ចែករំលែក៖

ខេត្តព្រៃវែង៖ រឿងរ៉ាវកូនក្រមុំត្រូវកំលោះជិតខាងផ្សំដំណេកមុនកូនកំលោះ ពេលនេះត្រូវបានកូនកំលោះវេចបង្វិចត្រឡប់មកផ្ទះរបស់ខ្លួន ស្របពេលដែលជនសង្ស័យត្រូវសាលាដំបូងខេត្តព្រៃវែងសម្រេចឃុំខ្លួនបណ្តោះអាសន្ន ។ កូនកំលោះមុនត្រឡប់ទៅផ្ទះវិញបានប្រកាសសុំឲ្យម្តាយកូនស្រីសងបណ្តាការ(ថ្ងៃទឹកដោះ)ជាថវិកា១៤០០ដុល្លារមកវិញ។ ចំណែកក្រុមគ្រួសារខាងស្រីអះអាងថា គ្មានលុយទេ ព្រោះចាត់ចែងពិធីមង្គលការអស់ហើយ។

ក្រុមគ្រួសារខាងប្រុសបានបដិសេធន៍ស្ត្រីជាកូនក្រមុំនោះជាកូនប្រសារ និងមិនអនុញ្ញាតឲ្យកូនកំលោះអាយុ១៩ឆ្នាំ ទទួលស្គាល់នារីរងគ្រោះជាប្រពន្ធឡើយ មិនតែប៉ុណ្ណោះទាមទារសងថ្លៃបង្គាប់គ្រឿងបណ្តាការជាថវិកា១៤០០ដុល្លារនោះទេ។ កូនកំលោះឈ្មោះ ស៊ឹម បញ្ញា អាយុ១៩ឆ្នាំ រស់នៅភូមិ-សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង បានវេចបង្វិចត្រឡប់មកលំនៅឋានរបស់ខ្លួនវិញហើយ បន្ទាប់ពីរឿងរ៉ាវកើតឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅផ្ទះកូនក្រមុំ ស្ថិតក្នុងភូមិឆ្ពឹស ឃុំថ្មពូន ស្រកកញ្ច្រៀច ខេត្តព្រៃវែង ។

លោកពៅ ជីវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានដកស្រង់សម្តីយុវជនជាប់សង្ស័យឈ្មោះ ឈឺន ចាន់សេង អាយុ១៨ឆ្នាំ មានលំនៅឋានក្បែរផ្ទះកូនក្រមុំមកអះអាងថា យុវជនជាប់សង្ស័យបានផ្សំដំណេកជាមួយនាងជាកូនក្រមុំតែម្តងប៉ុណ្ណោះ ហើយក៏លងលក់លើផ្ទះនោះរហូតទាល់ព្រឹក ។ លោកបានអះអាងយ៉ាងដូច្នេះថា«ជនសង្ស័យត្រូវបានក្រុមគ្រួសារកូនក្រមុំចាប់បានក្នុងបន្ទប់ដេកទាំងខ្លួនអាក្រាត»។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែមករា ក្នុងពិធីរាំរែកនាមង្គលការមួយ គ្រាដែលកូនកំលោះកំពុងផឹកស៊ីសប្បាយជាមួយមិត្តភក្តិបងប្អូន ហើយកូនក្រមុំចូលដេកក្នុងបន្ទប់ផ្សំដំណេកនោះ យុវជនម្នាក់ដែលជាអ្នកជិតខាង បានចូលទៅលួចផ្សំដំណេកជំនួសកូនកំលោះបានម្តង ហើយក៏ជ្រុលដំណើរលង់លក់ក្នុងបន្ទប់នាងកូនក្រមុំរហូតទាល់ភ្លឺ ។ នៅពេលដែលភ្លឺឡើង កូនក្រមុំភ្ញាក់ខ្លួនព្រើត ព្រោះថា អ្នកដែលបានផ្សំដំណេកជាមួយនាង មិនមែនជាប្តីនោះឡើយ។ នាងបានស្រែកធ្វើឲ្យជ្រួលច្របល់ទាំងព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយចាប់ជនសង្ស័យឈ្មោះឈឺន ចាន់សេង ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ពីបទ«រំលោភសេពសន្ថវៈ» ដោយផ្អែកតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌដែលអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ២១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរ ភា ជា នៃសាលាដំបូងខេត្តព្រៃវែង ។

អ្នកភូមិឆ្ពឹស បានឲ្យដឹងថា បន្ទាប់ពីបញ្ជូនជនសង្ស័យទៅដៃសមត្ថកិច្ច ក្រុមគ្រួសារខាងកូនកំលោះបានបដិសេធន៍ស្ត្រីរងគ្រោះជាកូនប្រសារឡើយ មិនតែប៉ុណ្ណោះ ទាមទារឲ្យឪពុកម្តាយខាងស្រីសងថ្លៃបណ្តាការ១៤០០ដុល្លារទៀត។ អ្នកភូមិបានត្រឹមតែអាណិតកូនក្រមុំតែប៉ុណ្ណោះ។ ក្រុមគ្រួសារខាងកូនកំលោះបានប្រមូលគ្នាត្រឡប់ទៅលំនៅឋានវិញ ដោយមិននិយាយអ្វីទាំងអស់ ក្រៅតែពីទារថ្លៃបណ្តាការ១៤០០ដុល្លារ។

អ្នកខ្លះនិយាយថា លុយ១៤០០ដុល្លារនោះត្រូវបានរៀបចំពិធីមង្គលការអស់ហើយ។ ម្យ៉ាងទៀត វាមិនមែនជាចេតនារបស់ភាគីស្រ្តីរងគ្រោះនោះដែរ ដូច្នេះគួរតែមានការអាណិតអាសូរដល់គ្រួសារខាងកូនក្រមុំផង ៕ ហេង នរិន្ទ្រន៍


ចែករំលែក៖