ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្តដឹកដីរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារថយន្តម៉ាកហុីយ៉ាន់ដាយ សណ្តោងទូកុងតឺន័រ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តបែនដឹកដីពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនះ Lim long តាមបណ្តោយផ្លូវវេងស្រេង ភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 8425 ធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបំណងបើកឆ្លងផ្លូវវេងស្រេង ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទកុងតឺន័រសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុករថយន្តបែនដឹកដីចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕ សុខាសែនជ័យ


ចែករំលែក៖