ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កែ១ក្បាលបានស្ទុះទៅខាំម្ចាស់ខ្លួនឯងស្ទើរស្លាប់ អ្នកភូមិលែងអាណិតនាំគ្នាវាយឆ្កែនោះងាប់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ឆ្កែ១ក្បាល ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់ស្លាប់ ដោយសារស្រ្តីរងគ្រោះជាម្ចាស់ឆ្កែ ដើរចេញទៅក្រៅផ្ទះបម្រុងទៅផ្សារ ខណ:ប្តីទាញទ្វាររបងបិទគាបជាប់ លុះឆ្កែនោះរើរួច ក៏ស្ទុះទៅខាំគ្រវីប្រពន្ធរបស់ខ្លួន បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ។ ភ្លាមៗ នោះស្រ្តីរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍ឆ្កែខាំម្ចាស់របស់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះចាន់ ផារី ភេទស្រី អាយុ៦៣ឆ្នាំ រងរបួសពេញខ្លួនត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ប្រភពបន្តទៀតថា សត្វឆ្កែ១ក្បាលខាងលើ ត្រូវបានម្ចាស់យកមកចិញ្ចឹមតាំងពីតូចមកម្ល៉េះ ដោយស្លូត មិនធ្លាប់ខាំនរណាម្នាក់នោះទេ ហើយពេលម្ចាស់ចេញដើរទៅណា តែងតែដើរតាមជារៀ ងរហូត ។ តែមុនពេលកើតហេតុ ស្រ្តីរងគ្រោះដើរចេញពីផ្ទះបម្រុងនឹងទៅផ្សារទិញម្ហូប ពេលនោះប្តីរបស់គាត់បានទាញទ្វាររបងបិទ ដើម្បីកុំឲ្យឆ្កែមួយក្បាលនោះទៅតាមប្រពន្ធរបស់ខ្លួនដូចសព្វមួយដង ស្រាប់តែបិទទៅគាបសត្វឆ្កែនោះជាប់ លុះវារើបម្រះរួច ក៏ស្ទុះទៅខាំស្រ្តីជាប្រពន្ធ ដោយមុតជាច្រើនចង្កូម ។ ពេលនោះប្តីខំប្រឹងចូលទៅបេះយ៉ាងណាក៏មិនចេញ ហើយបានប្រជាពលរដ្ឋរស់នៅក្នុងភូមិឃើញសភាពបែបនេះ ក៏នាំគ្នាចូលទៅវាយបំបែករហូតដល់ងាប់តែម្តង ។

រហូតមកដល់ពេលនេះ ស្រ្តីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសាភាពរបួសធូរស្រាលជាងមុនបន្តិច ដោយគ្រូពេទ្យបានចាក់ថ្នាំបំបាត់ការឈឺចុកចាប់ និងចាក់ថ្នាំការពារឆ្កែឆ្កួតផងដែរ ៕  ស សារ៉េត


ចែករំលែក៖