ព័ត៌មានទាន់ហេតុការណ៍៖

គ្មានបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជានៅក្នុងតួនាទីជាអ្នកការពារសន្តិភាព និងការអភិវឌ្ឍប្រទេសបានឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជារយៈពេល៦៦ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាដែលបាននិងកំពុងដឹកនាំគ្រប់គ្រងជាតិបានហែលឆ្លងកាត់រឿងរ៉ាវជាច្រើនមានទាំងក្តៅត្រជាក់ ល្វីងជូរចត់ផ្អែមល្ហែម។ ៦៦ឆ្នាំនៃការបម្រើ ជាតិមាតុភូមិ បក្សប្រជាជនកម្ពុជា បានស្ថិតនៅផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ព្រោះគណបក្សនេះត្រូវបានបង្កើតឡើងដោយប្រជាជនដើម្បីប្រជាជននិងសម្រាប់ប្រជាជន ។

កើតចេញជាចលនាតស៊ូខ្មែរគណបក្ស ប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជាតិពីអាណានិគមបារាំង ជា ពិសេសបានសង្គ្រោះជាតិនិងប្រជាជនកម្ពុជាពីរបបខ្មែរក្រហមប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពី ថ្ងៃជ័យជម្នះ៧ មករា គណបក្សប្រជាជន កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់គ្រប់វិស័យទាំងអស់ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម និងការស្តារកសាង ប្រទេសកម្ពុជាឡើងវិញចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែករហូតដល់មានការរីក ចម្រើនមានកំណើនសេដ្ឋកិច្ចរង្វង់៧,៧ ភាគរយក្នុងមួយឆ្នាំប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសុខមាលភាពល្អ ។

ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស តាំងពីខែមករា ឆ្នាំ១៩៧៩ រយៈពេល៣៩ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានធ្វើអ្វីៗទាំងអស់ដើម្បីឧត្តមប្រយោជន៍ជាតិ និងមាតុភូមិតាមរយៈការលើកកម្ពស់ភាពដាច់ខាត និងម៉ឺងម៉ាត់ខាងនយោបាយក្នុងការលុបបំបាត់ភាពអសកម្មនិងអយុត្តិធម៌សង្គម ព្រមទាំងសុខមាលភាពនៃសង្គម។

គណបក្សប្រជាជនបានសម្រេចមហាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញរួចផុតពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានទប់ស្កាត់របបដ៏យង់ឃ្នងនេះមិនឱ្យវិលត្រឡប់មកវិញជាលើកទី២។ គណ បក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបាននាំមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងលទ្ធិប្រជា ធិបតេយ្យ កិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ មនុស្សដែលរបបខ្មែរក្រហមបានកម្ទេចចោលទាំងស្រុងទៅហើយ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានស្តារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញ ចាប់ពីចំណុចសូន្យឱ្យមានស្ថិរភាពជា ជំហានៗដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជាបន្តបន្ទាប់រហូតមកទល់នឹងបច្ចុប្បន្ន ។

ខណៈគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសសម្រាប់រយៈពេលបីថ្ងៃគឺពីថ្ងៃទី១៩ ដល់ថ្ហៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិកបក្ស តំណាងមកពីទូទាំងប្រទេសចំនួន២៤០៨នាក់ដើម្បីពិនិត្យ និងអនុម័តលើកម្មវិធី នយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣យើងសូមលើកយកនូវ សមិទ្ធផលការងារមួយចំនួនរបស់បក្សនេះក្នុងការបម្រើជាតិមាតុភូមិនាពេលកន្លងទៅមកបង្ហាញគ្រាន់ទុកជាព័ត៌មានចំណេះដឹងទាំងអស់គ្នា ។

ទី១-សន្តិភាព និងស្ថិរភាពនយោបាយ៖

កម្ពុជាមានសន្តិភាពពេញលេញដោយសារតែការលះបង់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតគណបក្សប្រជាជនកម្ពុជាដោយចាប់ផ្តើមពីការរំដោះប្រជាជន និងប្រទេសជាតិចេញ ពីរបបខ្មែរក្រហមជួយប្រទេសឱ្យរស់ឡើងវិញតបនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរីរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។

សន្តិភាពជាកិច្ចការអាទិភាពរបស់ សម្តេចតេជោ ហើយក្រោយពីបរាជ័យរបស់ អ៊ុនតាក់ក្នុងការនាំយកសន្តិភាពជូនកម្ពុជា តាមរយៈការបោះឆ្នោតនៅឆ្នាំ១៩៩៣ សម្តេចតេជោបានដាក់ឱ្យអនុវត្តនយោបាយឈ្នះ=ឈ្នះដើម្បីរំលាយអង្គការចាត់តាំង នយោបាយ យោធាខ្មែរក្រហម និងនាំយកសន្តិភាពពេញលេញជូនកម្ពុជានៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។

សន្តិភាពនេះជាកត្តាសំខាន់ដែលនាំឱ្យកម្ពុជាមានឱកាសគិតគូរពីការអភិវឌ្ឍ ប្រទេសជាតិ។ សម្តេចតេជោបានដាក់ចិត្ត ដាក់កាយការពារឱ្យខាងតែបានទោះក្នុង តម្លៃណាក៏ដោយនូវសន្តិភាពដែលរកមកបានដោយពិបាកឆ្លងកាត់ការតស៊ូ ពុះពារ ឆ្លងកាត់សង្គ្រាម ការចរចា សោកនាដកម្ម ឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ស្ថិរភាពនយោបាយជាផ្នែកដ៏សំខាន់មួយទៀតដែលប្រមុខរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាព ដើម្បីបង្កបរិយាកាសងាយ ស្រួលដើម្បីកសាង និងអភិវឌ្ឍប្រទេស ឡើងវិញ ។

ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅកម្ពុជាចាប់ផ្តើមជម្នះរាល់ឧបសគ្គ និងបានរីកមុខរីកមាត់នៅលើឆាកអន្តរជាតិទាំងផ្នែកការទូត សេដ្ឋកិច្ចនិងមនុស្សធម៌ក្លាយពីប្រទេស ដែលទទួលកងទ័ពមួយខៀវមកជាប្រទេស ដែលបានបញ្ជូនកងទ័ពមួកខៀវក្នុងបេសកកម្មមនុស្សធម៌ក្នុងក្របខ័ណ្ឌបេសកកម្ម អង្គការសហប្រជាជាតិ និងបានក្លាយជា ប្រទេស ដែលស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានានៅលើសាកលលោក។ បើកម្ពុជាបន្តស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមមិន មានឱកាសនិយាយពីស្ថិរភាពនយោបាយ និងការអភិវឌ្ឍឡើយ ។

ទី២-កិច្ចការពារអធិបតេយ្យភាពជាតិ ខ្មែរ៖

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានធ្វើកិច្ចការនេះជាអាទិភាពដើម្បីការពារឯករាជ្យភាព អព្យាក្រឹតភាព និងការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់បរទេសជិតខាង និងព្យាយាមដោះស្រាយជម្លោះ ប្រកបដោយភាតរភាព ត្រឹមត្រូវតាម ភ័ស្តុតាង និងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរមិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែមួយមិល្លីម៉ែត្រ ហើយក៏មិនឱ្យប្រទេសជិតខាងឈ្លានពានទឹកដីខ្លួនសូម្បីតែមួយមិល្លីម៉ែត្រដែរ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានសំឡេងគាំទ្រតាមរយៈការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ច្រើនលើសលប់ បានការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពរបស់កម្ពុជាមិនឱ្យប្រទេសណាមួយលូកដៃជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ ។

រាជរដ្ឋាភិបាលកម្ពុជាបានការពារ បូរណភាពដែនដី និងទប់ស្កាត់បង្ក្រាបរាល់ទង្វើខុសច្បាប់ទាំងឡាយណាដែលប៉ង បំផ្លាញសន្តិភាព អស្ថិរភាពជាតិ និងប៉ុនប៉ង យកកម្ពុជាទៅដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាចនិងកម្ចាត់រាល់ជន អគតិទាំងឡាយដែលចង់ឱ្យមានការផ្លាស់ប្តូរតាមបែបបដិវត្តន៍ពណ៌។ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងជនក្បត់ជាតិដូច កឹម សុខា និងបុគ្គលផ្សេងទៀត ដែលមានចេតនាបំផ្លាញកម្ពុជាជាភាពស្របច្បាប់និងសិទ្ធិពេញលេញរបស់កម្ពុជា ព្រោះ មេដឹកនាំខ្មែរបានតម្កល់ផលប្រយោជន៍ជាអាទិភាពសម្រាប់ខ្លួន ។

ទី៣-អភិវឌ្ឍន៍ និងការកាត់បន្ថយភាព ក្រីក្រ៖

ក្រៅពីសន្តិភាព និងការការពារអធិប តេយ្យភាពជាតិរឹងមាំសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការងារអភិវឌ្ឍជាតិជាអាទិភាពមួយទៀតដើម្បីកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នៅ ក្នុងរយៈពេលជិត២០ឆ្នាំមកនេះសេដ្ឋកិច្ចកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណជាង៧ភាគរយក្នុងមួយឆ្នាំៗ ហើយអត្រានៃ ភាពក្រីក្របានធ្លាក់ចុះពីជាង៥៣ភាគរយ នៅឆ្នាំ២០០៤មកនៅត្រឹមជាង១៣ភាគ រយនៅឆ្នាំ២០១៤ និងបានបន្តធ្លាក់ចុះនៅឆ្នាំបន្តបន្ទាប់មកទៀត។ កម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបមកជា ប្រទេសមានចំណូមមធ្យមកម្រិតទាបដែលនេះបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏ខ្លាំងរបស់កម្ពុជាដែលកំពុងតែវិវឌ្ឍទៅមុខជានិច្ច។ កម្មករកម្មការិនីបានទទួលប្រាក់បៀវត្សរ៍គោលចំនួន១៧០ដុល្លារអាមេរិកក្នុងមួយខែដែលមានកម្រិតខ្ពស់បើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់ ហើយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏បានឡើងប្រាក់ខែដែររួមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ។

នេះគឺជាលទ្ធផលនៃការដាក់ចុះកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំប្រទេសរាជរដ្ឋាភិបាលកម្ពុជាបានប្រើនយោបាយបង្កើតនិងការពារឆ្នាំងបាយប្រជាជនកម្ពុជា៣សុំគឺ ទី១-សុំមកវិនិ យោគនៅកម្ពុជា ទី២-សុំផ្តល់ជំនួយដល់ កម្ពុជា និងទី៣-សុំទិញផលិតផលពី កម្ពុជា។ គោលនយោបាយ៣សុំនេះដើម្បី សម្លាប់គោលនយោបាយ៣កុំរបស់បក្ស ប្រឆាំងដែលតែងតែដើរតាមប្រទេសនានាដើម្បី ទី១-កុំមកវិនិយោគនៅកម្ពុជា ទី២-កុំផ្តល់ជំនួយដល់កម្ពុជា និងទី៣-កុំទិញ ផលិតផលពីកម្ពុជា។ រាជរដ្ឋាភិបាលត្រៀម ខ្លួនជានិច្ចក្នុងការអនុវត្តច្បាប់ប្រឆាំងនឹង ជនទាំងឡាយណាដែលប្រឆាំងនឹងការ អភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជា។ នេះជាអ្វីដែលប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មន្ត្រីគណបក្ស ប្រជាជនកម្ពុជា និងអ្នកគាំទ្របក្សនេះជិត ៦លាននាក់តែងតែតម្កល់ទុកជាការងារ អាទិភាពសម្រាប់កម្ពុជា ។

ទី៤-ពង្រឹងសាមគ្គី និងឯកភាពជាតិ៖

ការអនុវត្តនយោបាយឈ្នះ=ឈ្នះមិនមែនត្រឹមតែនាំយកសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជាពេញលេញឡើយ ប៉ុន្តែបាន ចូលរួមក្នុងការផ្សះផ្សាជាតិខ្មែរដែលបានបែកបាក់ជាច្រើនរយឆ្នាំមក។ ភាពសុខដុម រមណីយកម្មរវាងខ្មែរនិងខ្មែរមានភាពរឹងមាំចាប់ពីចុងឆ្នាំ១៩៩៨រហូតមកទល់នឹងពេលនេះក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រខ្មែរនៃយើង។ ប៉ុន្តែជាតិខ្មែរ ត្រូវបានបែកបាក់សង្គមខ្មែរត្រូវបានប្រេះស្រាំបន្ទាប់ពីមេដឹកនាំនយោបាយបក្ស២សម រង្ស៊ី និងកឹម សុខា បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដោយសារពួកគេបានឃោសនាបោកប្រាស់រាស្រ្តខ្មែរ និង អនុវត្តគោលនយោបាយបំបែកបំបាក់ជាតិ និងបញ្ឆេះកំហឹងរវាងអ្នកមាន និងអ្នកក្រ ដើម្បីគ្រាន់តែចង់បានការគាំទ្រសំឡេងឆ្នោតពីអ្នកគាំទ្ររបស់ខ្លួន ។

កឹម សុខា មេបក្សប្រឆាំងត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិដោយសារតែមានផែនការសម្ងាត់ជាមួយអាមេរិកដើម្បីធ្វើបដិវត្តន៍ពណ៌ផ្លាស់ប្តូររបប និងមេដឹកនាំនៅកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ និងមានផែនការយកកម្ពុជាដាក់ក្រោមនឹមអាណានិគមបែបថ្មីរបស់បរទេសខ្លះ។ ចំពោះមុខការបំបែកបំបាក់ជាតិ និងនាំកម្ពុជា ចូលក្នុងភាពវឹកវរសាជាថ្មីរបស់បក្សប្រឆាំងនេះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតែមាន សាមគ្គីដ៏រឹងមាំ ព្រមទាំងបានខិតខំក្នុងការពង្រឹងសាមគ្គីជាតិ និងឯកភាពជាតិខ្មែរនិង បានការពារប្រឆាំងការលូកដៃកកូរកកាយពីបរទេស។ សម្តេចតេជោ ហ៊ុន សែន ជាមជ្ឈមណ្ឌលឯកភាព សាមគ្គីជាតិខ្មែរ និងជានិមិត្តរូបនៃសន្តិភាព ព្រោះក្នុងនាមជាស្ថាបនិកសន្តិភាពម្នាក់នៅកម្ពុជាសម្តេចតេជោបានប្តេជ្ញាការងារទោះក្នុងតម្លៃណាក៏ដោយមិនឱ្យនរណាម្នាក់ឬក្រុមជនណាមកបំផ្លាញសន្តិភាពរបស់ប្រជាជនកម្ពុជាមួយប្រទេសឡើយ ។

នេះគ្រាន់តែជាការសង្ខេបខ្លីនៃសមិទ្ធ ផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជាបានធ្វើសម្រាប់ជាតិនិងប្រជាជនកម្ពុជា។ ជាមួយគ្នានេះកម្ពុជាក៏ បានប្រែក្លាយពីប្រទេសដែលទទួលកង កម្លាំងមួកខៀវមកជាប្រទេសដែលសកម្មក្នុងការបញ្ជូនកងកម្លាំងទ័ពមួកខៀវខ្លួន ចូលរួមក្នុងបេសកកម្មក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ នៅចំពោះមុខការ ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងព្រទ្ធសមាជិក និងជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨នេះគណបក្សប្រជាជនកម្ពុជានឹងបន្តដាក់ចុះនូវគោលនយោបាយធំៗ សម្រាប់អនុវត្តនៅក្នុងអាណត្តិថ្មី២០១៨-២០២៣ផងដែរ។ ក្នុងនោះរួមមាន ១- ការពារយ៉ាងរឹងមាំឯករាជ្យ សេរីភាព អធិប តេយ្យ បូរណភាពទឹកដី និងសន្តិភាពដើម្បីធានាការអភិវឌ្ឍប្រទេសជាតិ និងភាព សុខដុមរមនារបស់ប្រជាជន, ២-លើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ រូបទាំងខាងសម្ភារនិងស្មារតីឱ្យបានសម រម្យប្រកបដោយភាពថ្លៃថ្នូរ, ៣-ការពារ របបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាជននិងការគោរពច្បាប់។ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋានដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការកសាងនិងការពារមាតុភូមិប្រកបដោយភាពជាម្ចាស់លើជោគវាសនាអនាគត ប្រទេសជាតិ, ៤-ពង្រឹងរដ្ឋបាលសាធារណៈ នៅគ្រប់ថ្នាក់ជារដ្ឋបាលរបស់ប្រជាជន និង បម្រើផលប្រយោជន៍របស់ប្រជាជន, ៥- បន្តជំរុញកែទម្រង់ដើម្បីអភិបាលកិច្ចល្អ, ៦-ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យ មានការរីកចម្រើនប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ក្នុងគោលនយោ បាយទី៦នេះនឹងផ្តោតសំខាន់ទៅលើការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញ វត្ថុសាធារណៈ, ការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍ, ការអភិវឌ្ឍវិស័យឯកជន ការ អភិវឌ្ឍវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ ពាណិជ្ជកម្ម ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការអភិវឌ្ឍទេស ចរណ៍ វប្បធម៌ និងសាសនា, ការកសាង សមត្ថភាពនិងអភិវឌ្ឍធនធានមនុស្ស, ការ អភិវឌ្ឍការងារ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ, ការអភិវឌ្ឍយុវជន និងកីឡា។

ក្នុងសេចក្តីព្រាងគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជានៅតែបន្តរំលឹកដល់សមាជិកសមាជិការបស់ខ្លួនឱ្យគោរពអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និង ព្យាបាល» ដើម្បីដោះស្រាយកង្វល់និងការ ថ្នាំងថ្នាក់របស់ប្រជាជន ព្រមទាំងបង្កើន ជំនឿ និងការគាំទ្ររបស់ប្រជាជនលើគណ បក្សប្រជាជនកម្ពុជាដោយក្តាប់ឱ្យជាប់នូវគោលការណ៍បក្សក្នុងការកែទម្រង់។ ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយក៏ជាកិច្ចការអាទិភាពដែលបានកំណត់នៅក្នុងគោល នយោបាយរបស់គណបក្សប្រជាជន កម្ពុជាផងដែរ ។

បើតាមសេចក្តីព្រាងគោលនយោបាយ បង្ហាញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ជាកិច្ចការជាអាទិភាពដែលបាននិងកំពុងបន្តជំរុញការអនុវត្តវិធានការអប់រំ បង្ការ ទប់ស្កាត់ជាមុនតាមរយៈការពង្រឹងគណ នេយ្យភាព សមត្ថភាព ប្រសិទ្ធភាពស្ថាប័នសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំង បំផុសចលនាឱ្យមានការចូលរួមនិងគាំទ្រពីប្រជាជន វិស័យឯកជន និងសង្គមស៊ីវិល ដោយដើរទន្ទឹមនឹងវិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្ក្រាបចំពោះជនដែលប្រព្រឹត្តអំពើពុករលួយ។ ទាំងនេះជាគោលនយោបាយជាក់ស្តែងដែលបានដាក់ចុះដើម្បីបម្រើឧត្តម ប្រយោជន៍ ជាតិនិងប្រជាជនពិតៗមិនមែនប្រភេទគោលនយោបាយបោកប្រាស់ដូចដែលបក្សប្រឆាំងសន្យាខ្យល់នោះឡើយ។

គណបក្សប្រជាជនកម្ពុជាបានតម្តល់គ្រប់ផលប្រយោជន៍ជាតិជាធំ ហើយមានតែប្រជាជនខ្មែរទេដែលស្រឡាញ់ខ្មែរពិតប្រាកដ និងរួមគ្នាជ្រោងទង់កម្ពុជាប្រឆាំង នឹងការឈ្លានពាន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា រួមគ្នាការពារសន្តិភាព និងការ អភិវឌ្ឍដែលកម្ពុជាជាមួយភាពចាស់ទុំ ផ្នែកនយោបាយ ភាពចាស់ទុំ និងមានបទ ពិសោធលើគ្រប់វិស័យ គណបក្សប្រជាជនកម្ពុជាដែលបាននិងដឹកនាំប្រទេសតាមរយៈ ការបោះឆ្នោតជ្រើសតាំងដោយប្រជាពល រដ្ឋនៅតែដើរតួនាទីសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការ អភិវឌ្ឍ និងទប់ស្កាត់រាល់ការប៉ុនប៉ងទាំងឡាយក្នុងការធ្វើឱ្យកម្ពុជាក្លាយជាវាល ពិឃាតសាជាថ្មី។ គណបក្សផ្សេងៗដែល ត្រូវបានបង្កើតឡើងច្រើនស្អេកស្កះមិន មានបទពិសោធន៍ ធនធានមនុស្ស និងហិរញ្ញ វត្ថុឡើយ និងក៏គ្មានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រងប្រទេសដែរ។ ពួកគេបានត្រឹមតែ មានអំនួត និងបានបំភ្លៃ បំផ្លើសបំប៉ោងនិងបំភាន់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។

ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាដើម្បីបន្តដឹកនាំប្រទេស ព្រោះថា គ្មានគណបក្សនយោបាយណាមួយអាច ជំនួសគណបក្សប្រជាជនកម្ពុជានៅក្នុង កិច្ចការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជាបានឡើយ និង ក៏មិនទាន់មានបទពិសោធន៍ សមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍប្រទេសបានដែរ។ ក្នុង ក្របខ័ណ្ឌនេះហើយបានជាឈ្មោះគណ បក្សប្រជាជនកម្ពុជារួមទាំងសមិទ្ធផលទាំងឡាយត្រូវបានចងចាំនៅក្នុងក្រអៅបេះដូង

ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយគណបក្ស ប្រជាជនកម្ពុជានៅតែជាបក្សតែមួយគត់ដែលមានសមត្ថភាព បទពិសោធន៍ការងារ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដឹកនាំប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ ស្កាត់ផែនការក្បត់ជាតិ និងការប៉ុនប៉ង បំផ្លាញកម្ពុជាពីសំណាក់អ្នកនយោបាយដ៏ឆោតល្ងង់ និងចៅហ្វាយនាយបរទេស របស់ពួកគេ ៕ ចៅចាក់ស្មុក


ចែករំលែក៖