ព័ត៌មានទាន់ហេតុការណ៍៖

បើកបរល្បឿនលឿនដល់ផ្លូវហាមឃាត់មិនប្រយ័ត្នធ្លាក់លើស្ពានតាហោស្លាប់២នាក់ របួសធ្ងន់ម្នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយបានកើតមានឡើង ដោយសារតែយុវជន៣នាក់ជិះម៉ូតូល្បឿនលឿនមិនប្រយ័ត្នមកដល់ផ្លូវហាមឃាត់ ស្រាប់តែធ្លាក់ពីលើស្ពានតោហោប្រមាណ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ និង២០នាទីយប់ លើកំណាត់ផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់នគរវត្តថា យុវជនដែលស្លាប់ទី១.ឈ្មោះ សាន ណយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែសង្កែ ឃុំខ្សែត្រ ស្រុកកំពងរោទិ៍ និងទី២.ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ស្តើង សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិត្ស រស់នៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

តាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-9600 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងហាមឃាត់មិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ទៅខាងក្រោមស្ពានតាហោបណ្តាលឲ្យស្លាប់ និងរបួសតែម្តង។

ក្រោយកើតហេតុ អ្នករបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកសាកសពយុវជន២នាក់ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

 


ចែករំលែក៖