ព័ត៌មានទាន់ហេតុការណ៍៖

ឆេះកុដិលោក១ខ្នង២ជាន់បង្កឲ្យមានការភ្ញាក់ផ្អើលព្រះសង្ឃនិងអ្នកភូមិទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កុដិលោក១ខ្នងកម្ពស់២ជាន់ធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ២៨ម៉ែត្រ គុណ ៩ម៉ែត្រ កំពស់២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ឲ្យដឹងថា មូលហេតុនៃការឆេះកុដិលោកនោះសមត្ថកិច្ចមិនទាន់អះអាងថា បង្កឡើងដោយសារអ្វីនៅឡើយនោះទេ ករណីសមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនោះ ក៏មិនបង្កឲ្យអ្នកណាម្នាក់រងគ្រោះនោះទេ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគ្មានព្រះសង្ឃគង់នៅក្នុងនោះឡើយ ក្រោយមកទើបគេឃើញមានការឆេះឡើងយ៉ាងសន្ធោសន្ធៅ មិនដឹងមុលហេតុ ប្រជាពលរដ្ឋិងព្រះសង្ឃមិនអាចទប់ស្កាត់បានឡើយ។ ចំពោះសម្ភារដែលខូចខាតនោះមានសរសរចំនួន៤០ដើម, ឈើក្របចំនួន២០ម៉ែត្រគូប, ក្តារចំនួន១៥ម៉ែត្រគូប និងស័ង្កីចំនួន១.៨៩០សន្លឹក។

លោកអធិការនគរបាលស្រុកស្វាយចេកវរសេនីយ៍ទោ ជា ស្លូញ ប្រាប់ឲ្យដឹងថា ខណៈដែលអគ្គិភ័យឆាបឆេះនោះហើយ លោកបានដឹកនាំកម្លាំងនិងរថយន្តអគ្គិភ័យ១គ្រឿងដើម្បីជួយសង្រ្គោះប៉ុន្តែទម្រាំរថយន្តទឹកទៅដល់ កុដិលោកនោះបានឆេះអស់បាត់ទៅហើយគ្រាន់តែបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តបាញ់ពន្លត់ទាំងស្រុង៕សំ វិច្ឆិកា


ចែករំលែក៖