ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Vu Quang Minhឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

លោកអគ្គរដ្ឋទូត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យត្រចះត្រចង់របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានបញ្ចប់ទៅកាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ លោក Vu Quang Minh បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ លោកនាយរដ្ឋមន្រ្តី និង លោកស្រីប្រធានរដ្ឋសភាវៀតណាម ផ្ញើជូនសម្តេចតេជោផងដែរ។

លោក Vu Quang Minh បានជម្រាបជូនសម្ដេចតេជោ បេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តអោយអស់ពីសមត្ថភាពលទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត។

លោក Vu Quang Minh ប្ដេជ្ញាថានឹងអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសូមគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មរបស់លោកនៅកម្ពុជាឲ្យបានទទួលជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ជូនចំពោះ លោក Vu Quang Minh ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និង បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពីថ្នាក់ដឹកនាំ របស់វៀតណាមរួមទាំងការសំដែងនូវការអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ លោក Vu Quang Minh ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរអោយកើនឡើងថែមទៀត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជំរុញការកសាងនិង អភិវឌ្ឍន៍នៅតាមព្រំដែនដើម្បីប្រជាជាតិ នៃប្រទេសទាំងពីរអាចប្រកបរបរទទួលទានកាន់តែងាយស្រួលដោយសុខដមនីយកម្ម៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖