ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតវៀតណាមហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក Horinoughi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
នៅក្នុងជំនួបនោះ លោក លោក Horinoughi Hidehisa បានសម្តែងការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះលទ្ធផលនៃមហាសន្និបាតរបស់ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ លោក Horinoughi Hidehisa រីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលកាន់តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យជាបន្តបន្ទាប់។ លោក Horinoughi Hidehisa បានមានប្រសាសន៍បន្តថា ចំនួនភ្ញៀវទេចរណ៍ខ្មែរទៅកាន់ប្រទេសជប៉ុនពេលនេះមានការកើនឡើងរហូតទៅដល់ ៥ដង ហើយឆ្នាំនេះទៀតសោត គឺជាឆ្នាំនៃទំនាក់ទំនងការទូតលើកទី ៦៥ រវាងកម្ពុជា-ជប៉ុន ។ ក្រសួងការបរទេសជប៉ុនកំពុងធ្វើសហប្រតិបត្តិការជាមួយក្រសួងការបរទេសកម្ពុជាដើម្បីរៀបចំកម្មវិធីនានាដើម្បីត្រៀមអបអរនៃទិវាខួបអនុស្សាវរីយ៍នេះ ។ លោក Horinoughi Hidehisa ក៏បានជម្រាបជូនសម្តេចផងដែរថា Logo ខួបអនុស្សាវរីយ៍នេះបានសម្រេចហើយគឺជាផ្លិតមានរូបម្ខាងជាទង់ជាតិកម្ពុជា និងម្ខាងទៀតមានរូបជាទង់ជាតិជប៉ុន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក Horinoughi Hidehisa ដែលបានសាទរ ចំពោះលទ្ធផលមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ ក៏បានវាយតំលៃខ្ពល់ចំពោះស្លាកសញ្ញា Logo នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី ៦៥នេះ។ សម្តេចតេជោ បានណែនាំអោយចូលរួមរៀបចំឲ្យមានសកម្មភាពអោយបានច្រើនដើម្បីញាំងអោយពិធីរំលឹកខួបអនុស្សាវរីយ៍ការទូតលើកទី៦៥នេះ កាន់តែមានភាពអធិកអធម្មបំផុត៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ