ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាននាំគ្នានិយាយតៗគ្នា អំពីបញ្ហាសន្តិសុខដែលហាក់បីដូចគួរឲ្យព្រួយបារម្ភ ខណៈដែលរថយន្តប្រជាពលរដ្ឋដែលដាក់មុខផ្ទះ ឬតាមផ្លូវ ត្រូវក្រុមចោរធ្វើសកម្មភាពលួច ទាំងបានសម្រេច និងមិនបានសម្រេច ។
ប្រជាពលរដ្ឋម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំងដោយមិនបញ្ចេញឈ្មោះ បាន ប្រាប់ថា គាត់មានការព្រួយបារម្ភខ្លះដែរ ដោយសារតែ មានក្រុមចោរបានចូលធ្វើសកម្មភាពលួចរថយន្ត ជាប់ៗគ្នាខ្លាំងពេក ដែលករណីនេះ វាកម្រកើតមាននៅក្នុងខេត្តកំពង់ឆ្នាំង ដែលនេះបង្ហាញថា សន្តិសុខក្នុងក្រុង ហាក់បីដូចមានការធ្លាក់ចុះ ។
ក្នុងខែមករានេះ ករណីចោរលួចរថយន្ត បានធ្វើសកម្មភាព២ករណីហើយ គឺកាលពីម៉ោង ១០យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងពេលចតរថយន្តចោលនៅតាមផ្លូវ ចូលទៅមើល ការប្រគុំតន្រ្តីមួយភ្លែត ចេញមកវិញ ត្រូវលោកចោរលួចយកទៅបាត់ ។ រថយន្តម៉ាក TOYOTA CAMARYបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7860 និង កាលពីវេលាម៉ោងប្រមាណជា៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្រុមកចោរបានធ្វើសកម្មភាពលួចរថយន្តតូយ៉ូតាកាមរីឆ្លាមមួយគ្រឿង នៅជិតចំណតរថន្តផ្សារលើ តែធ្វើមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និង ម្ចាស់ផ្ទះចេញមកទាន់ ។
ពាក់ព័ន្ធនឹងករណីនេះ លោកឆាយ ខែមរត្ន័ អធិការនគបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃនេះ សកម្មភាពរបស់ក្រុមចោរពិតជាបានធ្វើសកម្មភាពលួចរថយន្តមែន តែលួចបានសម្រេចបាន១គ្រឿង ហើយនៅជិតភ្លឺព្រឹកមិញនេះ ក៍ធ្វើសកម្មភាពលួចទៀត តែមិនបានសម្រេចនោះទេ ករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវហើយ ។ លោកអធិការបានអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នហើយរកន្លែងមានសុវត្ថិភាពសម្រាប់ទុកដាក់រថយន្តនិងម៉ូតូ ចំពោះសមត្ថកិច្ច គឺបានបង្កើនការល្បាត ជាប្រចាំដែរ ៕ ចន្ថា