ភ្នំពេញ៖ តារាសម្តែង លោក ហង្ស អច្ឆរិយា ស្រាប់តែលេខមុខលើក្របមុខសារព័ត៌មានបរទេស រហូតសារព័ត៌មានដាក់រហស្សនាមថា ជាអធិរាជនៃភាពសិចស៊ីទៀតផង ។ នេះគឺជាការចាប់អារម្មណ៍ថ្មីមកកាន់តារាសម្តែងរូបនេះក្រោយពីលោកទទួលបានការពេញចិត្តខ្លាំងពីផលិតករផលិតភាពយន្តនៃប្រទេសថៃ អូស្ត្រាលី និងជប៉ុនកន្លងមក ។
នៅលើទំព័រសារព័ត៌មានជាភាសាបរទេសដែលបោះផ្សាយនៅកម្ពុជា និងផ្សព្វផ្សាយនៅ ម៉ាឡេស៊ី និងអូស្ត្រាលីជាដើម ។ ខ្លឹមសារសំខាន់ក្នុងអត្ថបទនេះបានលើកឡើងពីជីវិតពិតរបស់តារាសម្តែងរូបនេះដែលធ្លាប់ឆ្លងការតស៊ូទាំងការងារតូចធំជាអ្នករត់តុ ជាអ្នកលាងចាន ជាបុរសម៉ាស្សា ជាដើម ។ ក្រៅពីនេះគឺសារព័ត៌មាននេះក៏បានកោតសសើរពីសមត្ថភាពទេពកោសល្យនិងភាពក្លាហានក្នុងការថតរូប សម្តែងរបស់លោក ហង្ស អច្ឆរិយា លើវិស័យសិល្បៈបច្ចុប្បន្នផងដែរ ។ គោលបំណងនៃការផ្សព្វផ្សាយរបស់សារព័ត៌មាននេះដែរ ក៏ចង់លប់បំបាត់ការមើលងាយចំពោះសិល្បករសិចស៊ី និងចង់ឲ្យមានការបើកទូលាយ និងឲ្យតម្លៃដូចនៅប្រទេសថៃ ចិន កូរ៉េ និងបណ្តាប្រទេសក្នុងតំបន់មួយចំនួនទៀត ។
ក្រៅពីទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានបរទេសនេះដែរថ្មីៗនេះលោកក៏ត្រូវបានគេហទំព័រល្បីមួយរបស់វៀតណាម គឺគេហទំព័រHot Asian Guys បានចាត់ចំណាត់ថ្នាក់លោកក្នុងតារាងនៃសិល្បករដែលមានរូបរាង និងមុខមាត់សង្ហាបំផុតនៅអាស៊ីរួមជាមួយនឹងសិល្បករនៅតំបន់អាស៊ីជាច្រើនប្រទេសទៀត ។
លោកថាការថតរូបសិចស៊ីក៏ទាមទារឲ្យមានសិល្បៈក្នុងការថតនិងការបញ្ចូលអារម្មណ៍ហើយលោកប្រឆាំងដាច់ខាតពាក្យថាថតដើម្បីលក់ខ្លួននោះ ។ លោកថាលោកចូលសិល្បៈព្រោះស្រលាញ់និងចង់បម្រើវិស័យមួយនេះ ។ លោកថាក្រៅពីជាតារាសម្តែងលោកក៏ជាអ្នកនិពន្ធមួយរូបថែមទាំងមានសញ្ញាបត្រទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេសដែរ ។ ដូចនេះលោកស្នើកុំឲ្យមានការរើសអើងនិងប្រមាថលើអ្នកថតរូបបែបសិចស៊ីបន្តទៀត ។
ទោះជាយ៉ាងណាក្នុងវិស័យភាពយន្តខ្មែរតារារូបនេះនៅមានទីផ្សារតូចង្អៀតនៅឡើយ ។ លោកថានៅក្នុងស្រុកលោកពិបាកនឹងរកទីផ្សារសម្តែង និងថតបានច្រើនព្រោះតែពេលខ្លះនៅមានការរើសអើងមិនផ្តល់តម្លៃសម្រាប់លោកនៅឡើយ ហើយលោកនៅតែចិញ្ចឹមចិត្តតស៊ូជម្នះការលំបាកដដែលនិងទោះបីជាតម្លៃខ្លួននៃការថតទាបខ្លាំងបើធៀបនឹងបរទេសក្តី៕ វឌ្ឍនា