ខេត្តត្បូងឃ្មុំ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងសួងបានប្រដេញចាប់ក្រុមបង្ហោះម៉ូតូ២នាក់ ដែលកំពុងបង្កបញ្ហាសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ នៅចំណុច ភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំង២នាក់ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ យ៉ែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង និង២-ឈ្មោះ អ៊ាប សុខនី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ។ ពួកគេជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ។ ពួកគេបានបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ដោយឈ្មោះ អ៊ាប សុខនី ជាអ្នកបើក ។
អ្នកទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាន ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត៕ វណ្ណៈ