ព័ត៌មានទាន់ហេតុការណ៍៖

ទិញថ្នាំញៀនមកលក់នៅក្នុងផ្ទះសំណាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន បន្ទាប់ទិញថ្នាំញៀនពីរាជធានីភ្នំពេញយកមកលក់នៅក្នុងផ្ទះសំណាក់ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់យីហោ៦១១ បន្ទប់លេខ៧ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ផៃ សំផុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដីឡូតិ៍ ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ (ធំ១កញ្ចប់ និងមធ្យម១កញ្ចប់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកស្អាងបានទទួលព័ត៌មានថា មានមុខសញ្ញាជនសង្ស័យបានជិះម៉ូតូយកថ្នាំញៀនទៅលក់ក្នុងផ្ទះសំណាក់យីហោ៦១១ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានទៅដល់ចំណុចកើតហេតុ ត្រួតពិនិត្យជនសង្ស័យឈ្មោះ ផៃ សំផុន នៅក្នុងបន្ទប់លេខ៧ បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ នៅនឹងខ្លួន ឈានដល់ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ផៃ សំផុន បានសារភាពថា ថ្នាំញៀនខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណម្នាក់ នៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ១៥០ដុល្លារសហរដ្ឋអាមរិក ដើម្បីយកទៅឲ្យជនម្នាក់ទៀត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ដើម្បីយកទៅលក់បន្ដ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖