ប្រទេសឥណ្ឌា៖ នៅថ្ងៃត្រង់ ទី ២៥ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីលៀងសាយភោជនាហារថ្ងៃត្រង់ជាមួយប្រមុខដឹកនាំប្រទេសអាស៊ានទាំង១០ ដែលរៀបចំដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅវិមានប្រធានាធិបតីឥណ្ឌា។
ពិធីលៀងសាយភោជន៍ថ្ងៃនេះ គឺបានរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងឥណ្ឌាអោយកាន់តែល្អប្រសើរបានមួយកម្រិតធំថែមទៀត។
បន្ទាប់ពីពិធីលៀងសាយភោជន៍ថ្ងៃត្រង់នេះរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញចូលរួមប្រជុំចង្អៀតជាមួយ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និង ប្រមុខដឹកនាំអាស៊ានទាំង ១០ ស្តីអំពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ។
នៅម៉ោងប្រមាណ ១៧:៤៥ ល្ងាចនេះ គឺប្រទេសឥណ្ឌានឹងប្រកាសចេញផ្សាយតែមប្រិ៍ (Stamp) ផ្លូវការ រំលឹកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន ។
នៅល្ងាចនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងទស្សនាពិព័រណ៍គំនូរចំនួន ២០ ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករអាស៊ាន-ឥណ្ឌា បន្ទាប់មកសម្តេចតេជោ នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ពេលល្ងាច ហើយនឹងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រមុខដឹកនាំនៃប្រទេសឥណ្ឌា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ