ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូអនឡាញជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោងកំពុងកើបលុយយ៉ាងត្រជាក់មេជើង

ចែករំលែក៖

ខេត្តសៀមរាប៖ ទីតាំងកាស៊ីណូតាមអនឡាញ ជ្រកក្រោមស្លាកយីហោ អ៊ីនធើណេត២៤ម៉ោងនោះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់សា្ថប័ន កំពុងទទួលលាភសក្ការ មិនសូវឃើញចុះបង្ក្រាបនោះទេ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្មណ៍ និងមានការភ័យខ្លាចពីអសន្តិសុខ ក្នុងក្រុងសៀមរាប ព្រោះកន្លងមក មានអំពើលួច ឆក់ ប្លន់ ជាដើម។

ពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននៅក្នុងក្រុងសៀមរាបមានកាស៊ីណូតាមអនឡាញ ជ្រកក្រោមស្លាកយីហោ អ៊ិន ធឺណែត២៤ម៉ោង ប្រមាណ៣០០ទីតាំង ដែលបង្កប់ដោយ ល្បែងគ្រប់ប្រភេទ មិនចាញ់ពីកាស៊ីណូ នៅតាមព្រំដែនទេ ខណៈនេះកំពុងដំណើរការយ៉ាងរលូន ដោយសមត្ថកិច្ចពាក់ព័ន្ធ ចាំតែយកលុយដាក់ខែប៉ុណ្ណោះ។ កាស៊ីណូតាមអនឡាញ ទាំងអស់នេះ មិនមានច្បាប់អនុញ្ញាតទេ ដោយកន្លែងខ្លះ មានតែប័ណ្ណ បើកអ៊ីនធើណេត លក់កាហ្វេ ពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតែប៉ុណ្ណោះ។

បើតាមប្រភពពីអ្នកញៀនល្បែងម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា កាស៊ីណូតាមអនឡាញទាំងនេះ មានបង្កប់ល្បែងគ្រប់ប្រភេទ ដូចជា៖ បៀរ, Bacarat, ឡូតូ, រ៉ូឡែត, ឆ្នោតយួន, ឆ្នោតសៀម, ហ្គេមបាញ់ត្រី , ឡុកឡាក់, ខ្លាឃ្លោក, ជល់មាន់ និងចាក់ភ្នាល់ និងល្បែងផ្សេងៗ ជាច្រើនទៀតផងដែរ។

ប្រភពបានបន្តថា ចំពោះក្នុងល្បែងកាស៊ីណូ អនឡាញ នោះ ក៏ឃើញមានអ្នកចែកចាយ និង ប្រើប្រាស់ ថ្នាំញៀន ព្រមទាំងឃើញសមត្ថកិច្ចពាក់ពាក់ព័ន្ធ ចូលមកយកលុយ មានដូចជា៖ប៉េអឹម នគរបាល ជាច្រើននាក់ ផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានលួចខ្សឹបប្រាប់ថា ករណីល្បែងអ៊ីនធើណេត បង្កប់ល្បែងស៊ីសង តាមអនឡាញ នោះ ក្នុង១សង្កាត់មិនលើស ពី២០កន្លែង ទៅ៥០កន្លែងទេ ប៉ុន្តែបើកម្លាំងមន្ត្រីតូចតាចចុះទៅសុំមើលច្បាប់ ឃើញសុទ្ធតែមានវាយតា្រ មកពីក្រុង/ខេត្ត រហូតដល់ក្រសួង ផងដែរ បើមន្ត្រីតួចតាចធ្វើ(បង្ក្រាប)ទៅ វាប៉ះចំសុទ្ធខ្សែអ្នកធំ ម៉្យាងទៀត ឃើញសមត្ថកិច្ចពាក់ព័ន្ធ ចូលមកយកលុយដាក់ខែយ៉ាងរំភើយ មិនខ្វល់អ្វីនោះទេ។

ជុំវិញករណីខាងលើនោះដែរ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប មិនអាចសុំការបំភ្លឺបានទេ នៅវេលាម៉ោង១រសៀល ព្រោះទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។

លោក ឧត្តម សេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ពុំបានបំភ្លីដែរដោយសារទូរស័ព្ទគ្មានអ្នកទទួល ។

មហាជន ក្នុងខេត្តសៀមរាប កំពុងព្រួយបារម្មណ៍ពីអសន្តិសុខ ពីបញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងខេត្ត ដូច្នេះ ពួកគាត់សូមសំណូមពរ ឲ្យលោក អភិបាលខេត្ត មេត្តាជួយដុះក្អែល សមត្ថកិច្ចពាក់ព័ន្ធ និង មន្ត្រី ទាំងឡាយណា ដែលបានប្រព្រឹត្តិ ខុសក្រមសីលធម៌វិជ្ជាជីវៈជាថ្នាក់ដឹកនាំ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋតូចតាច បើក គ្មានច្បាប់ដូចពួកអស់លោកទាំងនេះ ពួកគាត់នឹងប្រឈមជាប់ទោសជាមិនខាន៕ ប៊ុនរិទ្ធី


ចែករំលែក៖