ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់, បាក់ភ្លៅ និងបែកក្បាល ករណីគ្រោះថ្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់ ករណីគ្រោះថ្នាក់ម៉ូតូបើកបញ្ច្រាសបុកគ្នាភ្ញាក់ផ្អើលទាំងយប់នៅ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូវ៉េវ ពណ៌ប្រផេស គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ កង សុខជា អាយុ ២០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងអ្នករួមដំណើរឈ្មោះ ម៉ី សារ៉ា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់មានទីលំនៅ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកភាគីរងគ្រោះបាត់បង់ជីវិតឈ្មោះ វិន ចិន្ដា ហៅក្រួច ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរចុងភៅ នៅកាស៊ីណូថាយថិន មានទីលំនៅ ភូមិច្រកលាវ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខៀវ ស្លាកលេខខូចខាតដំណំ។

សាក្សីថា ម៉ូតូ វ៉េវ ពណ៌ប្រផេស ជិះគ្នា២នាក់ពីទិសខាងលិចទៅកើតមិនប្រកាន់ស្តាំ បុកម៉ូតូវ៉េវ ពណ៌ខៀវ ដែលបញ្ច្រាសគ្នាដួលបង្កការភ្ញាក់ផ្អើលតែម្ដង។

អ្នករងរបួសធ្ងន់ទាំពីរនាក់ត្រូវក្រុមគ្រួសារបញ្ជួនទៅមន្ទីពេទ្យខេត្តស្វាយរៀង ចំណែអ្នកស្លាប់ត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតបំពេញសំណុំរឿងតាមច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុគ្រោះថ្នាក់ខាងលើនេះ កើតឡើងដោយ អ្នកបើកបរម៉ូតូជិះគ្នា២នាក់ បើកមិនប្រកាន់ស្តាំ ៕ យឹម សុថាន


ចែករំលែក៖